(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចូលរួមដោយផ្ទាល់ក្នុងទិវារំលឹកខួបទី​២០ឆ្នាំគត់ នៃទីក្រុងហុងកុង ដែលបានត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាល​ទីក្រុងប៉េកាំងវិញ ក្រោយការដកចេញរបស់​អាណានិគមនិយម​អង់គ្លេស នៅឆ្នាំ១៩៩៧។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាល្ងាច​ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧។

លោក ស៊ី ជិនពីង ដែលមានតួនាទី​ជាអគ្គលេខាធិការ នៃគណកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន (CPC) និងជាប្រធាននៃគណកម្មការយោធាមជ្ឈិមផងដែរនោះ ក៏នឹងឡើង​ថ្លែងសុន្ទរៈកថាជាកិត្តិយសផងដែរ នៅក្នុងពិធីបើកសម្ពោធរដ្ឋបាលទីប្រាំ នៃតំបន់​រដ្ឋបាលពិសេស​ទីក្រុងហុងកុង។

គួរបញ្ជាក់ថា ទីក្រុងហុងកុង​ជាតំបន់ដែលមាន​សេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុត​ប្រចាំតំបន់​អាស៊ី និងប្រទេសចិន ហើយដែល​ទីក្រុងនេះក៏តែងតែរីករាយ​នឹងសិទ្ធិស្វ័យភាព បន្ទាប់ពីចិន និងអង់គ្លេស​បានចុះហត្ថលេខាដោះដូរ​ ទីក្រុងភាគអាគ្នេយ៍ប្រទេសចិននេះមកវិញ​កាលពី​ឆ្នាំ១៩៩៧ផងដែរ បន្ទាប់ពីការដាក់អាណនិគម​នៅអំឡុងទសវត្សរ៍ឆ្នាំ១៨៤០៕