(តួកគី)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីប អឺដូហ្គាន់ នៅថ្ងៃអាទិត្យនេះបានច្រានចោលចំពោះបណ្តាប្រទេសអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីតជាអ្នកនាំមុខ ក្នុងការទាមទារឲ្យបិទមូលដ្ឋានទ័ពតួកគីប្រចាំប្រទេសកាតា ហើយតួកគីថែមទាំងបានហៅទៀតថា ការទាមទារទាំងនោះគឺមិនស្របច្បាប់ និងរំលោភលើអធិបតេយ្យភាពរដ្ឋឈូងសមុទ្រមួយនេះថែមទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧។
នេះជាលើកដំបូងហើយ សម្រាប់តួកគីដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រពេញទំហឹង និងបើកចំហចំពោះប្រទេសកាតា នៅក្នុងវិបត្តិការទូតរវាងបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលបានអូសបន្លាយមក ៣សប្តាហ៍ហើយនេះ។ លោក អឺដូហ្គាន់ នៅក្នុងឱកាសនោះបានហៅថា ការទាមទារឲ្យបិទមូលដ្ឋានទ័ពតួកគីនៅកាតាថា «ជាទង្វើដែលមិនផ្តល់ការគោរពទាល់តែសោះ» ហើយទីក្រុងដូហា ក៏កំពុងតែរៀបចំការឆ្លើយតបដ៏ត្រឹមត្រូវចំពោះរឿងនេះដែរ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបានស្នើឱ្យកាតា បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគីនៅក្នុងប្រទេស។ ការស្នើឡើងបែបនេះរបស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងព្រះហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានពិភាក្សាគ្នាតាមទូរស័ព្ទលើសំណុំរឿងកាតា កាលពីថ្ងៃព្រហស្បតិ៍ ដោយមេដឹកនាំទំាងពីរក៏បានព្រមព្រៀងគ្នាដែរថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងនៃ ទំនាក់ទំនងជាមួយទីក្រុងដូហា។
ឆ្លើយតបនឹងបញ្ហានេះប្រទេសកាតាបានបញ្ជាក់ថា ការទាមទារដ៏ច្រើនពីពិភពអារ៉ាប់ ជាពិសេសអារ៉ាប៊ីសាអូឌីត ឲ្យខ្លួនធ្វើរឿងជាច្រើនក្នុងនោះមានដូចជា កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទទូរទស្សន៍ Al Jazeera និងបិទមូលដ្ឋានទ័ពតួកគីប្រចាំប្រទេសកាតានោះ គឺជារឿងដែលគ្មានហេតុផល និងមិនអាចទៅរួច ប៉ុន្តែទីក្រុងដូហានឹងធ្វើការឆ្លើយតបជាផ្លូវការទៅកាន់ប្រទេសអារ៉ាប់ទាំងនោះ នៅក្នុងពេលឆាប់ៗ៕