(ប៉េកាំង)៖ យោងតាមការចេញផ្សាយ Update ដោយសារព័ត៌មានរបស់ចិន ស៊ិនហួរ បានឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះថា អ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដីដ៏សាហាវនៅប្រទេសចិន កើនឡើង២៤នាក់ និងកំពុងបាត់ខ្លួន១០៩នាក់។ គ្រោះរអិលបាក់ដីនេះកើតឡើងនៅខេត្ត ស៊ីឈាន់ តំបន់ភ្នំ ភាគនិរតី ប្រទេសចិន។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវយ៉ាងទទូចដល់ក្រុមជួយសង្រ្គោះ ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយសង្រ្គោះជនរងគ្រោះជាច្រើន នាក់ ដែលបានកប់ខ្លួនក្រោមគំនរដី ក្រោយហេតុការណ៍នៃគ្រោះរអិលបាក់ដីដ៏រន្ធត់មួយនាព្រឹកថ្ងៃសៅរ៍នេះ នៅតំបន់ភ្នំភាគនិរតីនៃប្រទេសចិន។
គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីខាងលើមានប្រភពមកពីផ្នែកខាងលើនៃភ្នំដ៏ធំមួយ នៅក្នុងតំបន់ស្វយ័តទីបេ និង Qiang បានវាយប្រហារចំលើភូមិ Xinmo ក្នុងស្រុក Maoxian នៃខេត្តស៊ីឈាន់ កាលពីវេលាម៉ោងប្រហែលជា ៦៖០០នាទីព្រឹកថ្ងៃសៅរ៍ ហើយបានបង្កការរាំងស្ទះដល់កំណាត់ទន្លេប្រវែងពីរគីឡូម៉ែត្រ និងលុបផ្លូវថ្នល់ធ្វើដំណើរចម្ងាយ១,៦០០ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ខេត្ត ក៏បានបញ្ជូនក្រុមប្រតិបត្តិការសង្រ្គោះបន្ទាន់រាប់រយនាក់ ទៅកាន់តំបន់រងគ្រោះផងដែរ ប៉ុន្តគេនៅមិនទាន់អាចបញ្ជាក់ពីចំនួនមនុស្សរងរបួស ឬក៏បាត់បង់ជីវិតនៅឡើយទេ៕