(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានប្រើប្រាស់ថវិកាចំនួន ៥៨៤លានដុល្លារ ដើម្បីចុះកិច្ចព្រមព្រៀងមួយក្នុងការអភិវឌ្ឍនាវាប្រយុទ្ធតាមតំបន់ឆ្នេរប្រភេទថ្មី (LCS) ទុកបំពាក់ឲ្យកងទ័ពជើងទឹក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
ក្រុមហ៊ុនដែលក្រសួងការពារជាតិអាមេរិក បានចុះកិច្ចព្រមព្រៀងរួចហើយនាពេលនេះ គឺ Austal USA, Mobile, Alabama ដែលមានតម្លៃជាទឹកប្រាក់ ៥៨៤,២០០,០០០ដុល្លារ សម្រាប់ការផលិតនាវាខាងលើ ដែលនាវាប្រភេទនេះវាធន់នឹងបរិស្ថានគ្រប់យ៉ាង ព្រមទាំងអាចបញ្ជូនទិន្នន័យនានាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
គួរបញ្ជាក់ថា នាវាប្រយុទ្ធខាងលើនេះនឹងផលិតមកមានពីរប្រភេទ គឺ LCS Independence-class និង Freedom-class ដែលមានសមត្ថភាពទប់ទល់នឹង គ្រាប់មីនបង្កប់តាមតំបន់ឆ្នេរ, ចោរសមុទ្រ, នាវាមុជទឹក, និងនាវាល្បឿនលឿនមួយចំនួន ដែលធ្វើការវាយប្រហារមកលើវា៕