(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវយ៉ាងទទូចដល់ក្រុមជួយសង្រ្គោះ ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយសង្រ្គោះជនរងជាច្រើននាក់ ដែលបានកប់ខ្លួនក្រោមគំនរដី ក្រោយហេតុការណ៍នៃគ្រោះរអិលបាក់ដី ដ៏រន្ធត់មួយនាព្រឹកថ្ងៃសៅរ៍នេះ នៅតំបន់ភ្នំភាគនិរតីនៃប្រទេសចិន ខណៈមកទល់ពេលនេះ មានមនុស្សទើបតែ០៣នាក់ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញ និងជួយសង្រ្គោះ ក្នុងចំណោមជនរងគ្រោះសរុបជាង ១៤០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
គ្រោះរអិលបាក់ដីខាងលើមានប្រភពមកពីផ្នែកខាងលើនៃភ្នំដ៏ធំមួយ ស្ថិតនៅក្នុងតំបន់ស្វយ័តទីបេ និង Qiang បានវាយប្រហារចំលើភូមិ Xinmo ក្នុងស្រុក Maoxian នៃខេត្តស៊ីឈាន់ កាលពីវេលាម៉ោងប្រហែលជា ៦៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ ហើយវាបានបង្កការរាំងស្ទះដល់កំណាត់ទន្លេប្រវែងពីរគីឡូម៉ែត្រ, លុបផ្លូវថ្នល់ធ្វើដំណើរចម្ងាយ ១,៦០០ម៉ែត្រ, និងបំផ្លិចបំផ្លាញលំនៅឋានចំនួន៤៦ខ្នងថែមទៀតផង។
ជាមួយគ្នានេះ អាជ្ញាធរប្រចាំតំបន់កើតហេតុ ក៏បានបញ្ជូនភ្នាក់ងារជួយសង្រ្គោះរាប់រយនាក់ អមជាមួយសម្ភារៈនិងឧបករណ៍ចាំបាច់ផ្សេងៗ ទៅកាន់ទីកន្លែងរងគ្រោះ ដើម្បីតាមស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត និងអនុញ្ញាតកញ្ចប់ថវិកាជួយសង្រ្គោះចំនួន ០៥លានយ័ន ដែលស្មើនឹង៧៣០,០០០ដុល្លារអាមេរិកផងដែរ នៅដំណាក់កាលដំបូង៕