(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើសេចក្តីប្រកាសនាពេលថ្មីៗនេះ ស្តីពីការជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យឯករាជ្យ ដែលនឹងធ្វើការវាយតម្លៃទៅលើការចំណាយ ក៏ដូចជាបញ្ហាផ្សេងៗ នៃបេសកកម្មផ្នែកតារាសាស្រ្តថ្មីដ៏សំខាន់របស់ខ្លួន មានឈ្មោះថា Wide Field Infrared Survey Telescope ឬហៅកាត់ថា WFIRST។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Spacenews នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
WFIRST ដែលជាបេសកកម្មកំពូលទ្រង់ទ្រាយធំ របស់ទីភ្នាក់ងារអវកាសអាមេរិក និងត្រូវបានគ្រោងឡើងកាលពីឆ្នាំ២០១០មកម្ល៉េះនោះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍នៅឡើយទេ ហើយបេសកកម្មនេះ ត្រូវបានកំណត់ពេលវេលាថា នឹងឈានចូលដល់ដំណាក់កាលបន្ទាប់ Phase B នាខែតុលាខាងមុខនេះ ក៏ប៉ុន្តែ NASA បានឲ្យដឹងពីមុនមកថា ពួកគេនឹងពន្យាពេលធ្វើយ៉ាងដូច្នោះ រហូតទាល់តែវាបានឆ្លងកាត់ការអនុវត្តន៍ និងត្រួតពិនិត្យឯករាជ្យ ឲ្យចប់រួចរាល់ជាមុនសិន។
គួរបញ្ជាក់ថា បេសកកម្ម WFIRST ដែលជាកែវយឺតប្រើប្រាស់បច្ចេកវិទ្យាអ៊ីនហ្វ្រារេដនោះ បច្ចុប្បន្ននេះ ត្រូវបានគេកំណត់ថា នឹងចេញប្រតិបត្តិការក្នុងកណ្តាលទសវត្សរ៍ឆ្នាំ២០២០ខាងមុខ ក៏ប៉ុន្តែអង្គការ NASA បានគូសបញ្ជាក់ថា រឿងបាញ់បង្ហោះកែវយឺតនេះទៅកាន់ទីអវកាសនោះ គឺអាស្រ័យទៅលើថវិកាឧបត្ថម្ភ ដែលបេសកកម្មទទួលបានតទៅមុខទៀត៕