(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីរៀបចំបង្កើតសេចក្តីព្រាងច្បាប់ថ្មីមួយទៀត ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ប្រឆាំងទៅលើប្រទេសកូរ៉េខាងជើងព្រោះថា កម្មវិធីនុយក្លេអ៊ែរ-មីស៊ីលផ្លោងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង កំពុងមានភាពរីកចម្រើនយ៉ាងរហ័ស និងកំពុងតែសំដៅឆ្ពោះទៅកាន់ចំណុចមួយ ដែលនឹងគ្មានការបកត្រឡប់ក្រោយវិញនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
លោក Cory Garder ដែលជាព្រឹទ្ធសមាជិកអាមេរិកមួយរូប បានធ្វើការលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សំដៅថ្កោលទោសចំពោះការធ្វើតេស្តម៉ូទ័រគ្រាប់រ៉ុក្កែតនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង ដែលអាចត្រូវយកទៅប្រើប្រាស់ នៅក្នុងប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ។
គួរបញ្ជាក់ថា លោក Gardner ប្រធាននៃអនុគណៈកម្មាធិការទំនាក់ទំនងការបរទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃព្រឹទ្ធសភាអាមេរិកនោះ គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូប នៅក្នុងសភាជាតិនៃប្រទេសមហាអំណាចពិភពលោកមួយនេះ សម្រាប់ការដាក់សម្ពាធធ្ងន់ៗទៅលើកូរ៉េខាងជើង។ ម៉្យាងវិញទៀតរូបលោកនេះហើយ គឺជាអ្នកដែលបានរៀបចំបង្កើតទណ្ឌកម្មដ៏សំខាន់មួយ ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលត្រូវបានអនុម័តដោយសភាកាលពីឆ្នាំមុន៕