(ប៉េកាំង)៖ ចំនួនមនុស្សបាត់ខ្លួនដោយសារគ្រោះរអិលបាក់ដីដ៏សាហាវមួយ នាព្រឹកថ្ងៃសៅរ៍នេះ ដែលបានវាយប្រហារលើខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីនៃប្រទេសចិន និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនប្រមាណ៤៦ខ្នងនោះ បានកើនដល់១៤១នាក់។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលថ្នាក់តំបន់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១។
គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីខាងលើមានប្រភពមកពីផ្នែកខាងលើនៃភ្នំដ៏ធំមួយ នៅក្នុងតំបន់ស្វយ័តទីបេ និង Qiang បានវាយប្រហារចំលើភូមិ Xinmo ក្នុងស្រុក Maoxian នៃខេត្តស៊ីឈាន់ កាលពីវេលាម៉ោងប្រហែលជា ៦៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ ហើយបានបង្កការរាំងស្ទះដល់កំណាត់ទន្លេប្រវែងពីរគីឡូម៉ែត្រ និងលុបផ្លូវថ្នល់ធ្វើដំណើរចម្ងាយ ១,៦០០ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ខេត្ត ក៏បានបញ្ជូនក្រុមប្រតិបត្តិការសង្រ្គោះបន្ទាន់រាប់រយនាក់ ទៅកាន់តំបន់រងគ្រោះផងដែរ ប៉ុន្តគេនៅមិនទាន់អាចបញ្ជាក់ពីចំនួនមនុស្សរងរបួស ឬក៏បាត់បង់ជីវិតនៅឡើយទេ៕