(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នាថ្ងៃសៅរ៍នេះ បានចាប់ផ្តើមការធ្វើដំណើរទស្សនកិច្ចទៅកាន់បីប្រទេសជាដៅគោលដៅធំៗ ដោយក្នុងចំណោមប្រជាជាតិទាំងនោះ ក៏មានសហរដ្ឋអាមេរិកជាមហាអំណាចលេខ១លើពិភពលោកផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា នឹងធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ សហរដ្ឋអាមេរិក និងហូឡង់ ក្នុងអំឡុងការបំពេញទស្សនកិច្ចរយៈពេលចំនួនបួនថ្ងៃរបស់លោក។ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌាម្នាក់ ដោយដកស្រង់សំដីលោក Modi បានឲ្យដឹងថា «ដំណើរទស្សនកិច្ចនៅឯក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងឥណ្ឌា និងប្រទេសទាំងបី នៅក្នុងវិស័យផ្សេងៗជាច្រើន»។
គួរបញ្ជាក់ថា លោក Narendra Modi ជាដំបូងនៅធ្វើទស្សនកិច្ចនៅឯរដ្ឋធានី Lisbon របស់ព័រទុយហ្គាល់ នារសៀលថ្ងៃសៅរ៍នេះ។ លោក Modi បានបញ្ជាក់ថា នៅក្នុងអំឡុងការបំពេញទស្សនកិច្ចរបស់លោកនៅព័រទុយហ្គាល់ ប្រទេសទាំងពីរនឹងពិភាក្សាគ្នាអំពីវិធីសាស្រ្ត ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា អវកាស ក៏ដូចជាចំណងទាក់ទងរវាងប្រជាជននៃប្រជាជាតិទាំងពីរ។
បន្ទាប់មកទៀតចាកចេញពីព័រទុយហ្គាល់ លោកនាយករដ្ឋមន្រ្តីឥណ្ឌា នឹងបន្តដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក ក្រោមការអញ្ជើញរបស់ប្រធានាធីបតីលោក ដូណាល់ ត្រាំ។ អំឡុងពេលនៃការបំពេញទស្សនកិច្ចនៅទីនោះ (ថ្ងៃសៅរ៍នេះដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ) លោក Modi បានឲ្យដឹងថា រូបលោករំពឹងថា នឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅស្តីពី ការពង្រឹងភាពជាដៃគូរវាងឥណ្ឌានិងអាមេរិក នៅក្នុងជំនួបលើកដំបូងជាមួយលោក ត្រាំ។ ជាចុងបញ្ចប់នាថ្ងៃអង្គារសប្តាហ៍ក្រោយ លោក Modi នឹងឆ្ពោះទៅកាន់ប្រទេសហូឡង់៕