(ប៉េកាំង)៖ ស្របពេលដែលភាពតានតឹងនៅតែបន្តកើនឡើង នៅតំបន់ឧបទ្វីបកូរ៉េ ប្រទេសជប៉ុនកំពុងតែខិតខំរៀបចំវិធីសាស្រ្តផ្សេងៗ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីការវាយប្រហារណាមួយ ដែលអាចនឹងកើតមានឡើងនាពេលអនាគត ក៏ដូចជាណែនាំដល់ពួកគេថា តើគួរធ្វើបែបណាប្រសិនបើវិបត្តិសង្រ្គាមនេះពិតជាផ្ទុះឡើងមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
ប្រទេសអាស៊ីខាងកើតមួយនេះ នឹងធ្វើការផ្សាយផ្ទាល់នូវសេចក្តីប្រកាសជាសាធារណៈមួយ ស្តីពីរអ្វីដែលត្រូវធ្វើ ប្រសិនបើកូរ៉េខាងជើងពិតជាបាញ់មីស៊ីលមកលើទឹកដីរបស់ខ្លួន និងអំពីមធ្យោបាយល្អៗបំផុត ដែលប្រជាជនជប៉ុន អាចអនុវត្តន៍បាន ដើម្បីការពារខ្លួនពួកគេផ្ទាល់ នៅក្នុងករណីដែលវាកើតមែននោះ។ កម្មវិធីរយៈពេល ៣០នាទីនេះ នឹងត្រូវផ្សព្វផ្សាយនៅលើគ្រប់បណ្តាញទូរទស្សន៍ទាំងធំទាំងតូច ទូទាំងប្រទេសជប៉ុន នាថ្ងៃទី០៦ ខែកក្កដាខាងមុខ។
កម្មវិធីនេះ នឹងផ្តល់ដំណឹងឲ្យអ្នកចូលរួមស្តាប់ និងទស្សនាទាំងអស់ថា នៅក្នុងករណីនៃការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ប្រព័ន្ធផ្កាយរណបប្រកាសអាសន្ន J-Alert នឹងប្រាប់ទៅកាន់ពួកគេភ្លាមៗតាមតែអាចធ្វើទៅបាន តាមរយៈប្រព័ន្ធបំពងសំឡេងជាតិ។ កម្មវិធីផ្សាយផ្ទាល់ខាងលើ នឹងទទូចឲ្យពលរដ្ឋជប៉ុនរួសរាន់ចូលទៅក្នុងផ្ទះនិងអគារនានា បើសិនជាពួកគេស្ថិតនៅទីធ្លាខាងក្រៅ នៅពេលដែលការវាយប្រហារបានកើតឡើង និងប្រញាប់ប្រញាប់ចូលទៅកាន់តំបន់ក្រោមដីបើអាចទៅរួច។ ម៉្យាងវិញទៀត ពួកគេគួរតែផ្តេកខ្លួនដោយផ្កាប់មុខ ហើយយកដៃខ្ទប់ក្បាប និងស្ថិតនៅឲ្យបានឆ្ងាយពីកញ្ចក់បង្អួច តាមលទ្ធភាពរបស់ពួកគេ។ ជានិយាយរួមទៅ គឺស្រដៀងអ្វីដែលយើងត្រូវធ្វើនៅពេលជួបប្រទះគ្រោះធម្មជាតិរញ្ជួយដីអ៊ីចឹង។
ដោយឡែកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលជប៉ុនក៏បានចាប់ផ្តើមការធ្វើសមយុទ្ធការពារមីស៊ីលជាសាធារណៈផងដែរ ក្នុងគោលបំណងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋថា ពួកគេនឹងមានសុវត្ថិភាព ទោះបីជាស្ថិតក្នុងការវាយប្រហារដោយកូរ៉េខាងជើងក៏ដោយ។ លោក Akinori Hanada មេបញ្ជាការកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការធ្វើសមយុទ្ធដោយបើកចំហបែបនេះ គឺជាមធ្យោបាយមួយ ដើម្បីធានាដល់ប្រជាជនជប៉ុនអំពីសុវត្ថិភាពរបស់ពួកគេ និងធ្វើឲ្យពួកគេមានចិត្តស្ងប់គ្មានក្តីព្រួយបារម្ភផ្សេងៗ។
គួរបញ្ជាក់ថា ការភ័យព្រួយបារម្ភខ្លាំងបែបនេះរបស់រដ្ឋាភិបាលជប៉ុន គឺពុំមែនជាការភ្ញាក់ផ្អើលខ្លាំងនោះឡើយ ដោយសម្អាងថា ជប៉ុនគឺជាប្រជាជាតិតែមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដែលធ្លាប់បានទទួលរងការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរចំនួនពីរលើកបន្តបន្ទាប់គ្នាកាលពីចុងសម័យសង្រ្គាមលោកលើកទីពីរ ដែលបានបណ្តាលឲ្យជនជាតិជប៉ុនរាប់ម៉ឺននាក់បាត់បង់ជីវិត៕