(ក្វេតតា)៖ ករណីបំផ្ទុះគ្រាប់បែកពីរករណីធំៗ និងការបាញ់ប្រហារលើកងកម្លាំងប៉ូលិស កើតឡើងនៅភាគនិរតី ពាយ័ព្យ និងភាគខាងត្បូង ប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សសរុប ៤៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ដោយក្នុងនោះការបំផ្ទុះរថយន្តអត្តឃាតនៅទីក្រុងក្វេតតា បានសម្លាប់មនុស្ស ១៣នាក់, ការបាញ់ប្រហារប៉ូលិសស្លាប់អស់ ០៤នាក់ និងការបំផ្ទុះនៅទីក្រុង Parachinar សម្លាប់មនុស្ស ២៤នាក់ក្នុងថ្ងៃតែមួយម្តង ខណៈក្រុមរដ្ឋអ៊ីស្លាម ISIS អះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយរឿងនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រនោះប៉ូលិសប៉ាគីស្ថានបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ និង៧០នាក់ផ្សេងទៀត បានទទួលរងរបួស បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកពីរគ្រាប់ បានវាយប្រហារទៅលើផ្សារមួយកន្លែង នៅទីក្រុង Parachinar នៃតំបន់ Kurram ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ប៉ុន្តែមួយថ្ងៃក្រោយមកចំនួនអ្នកស្លាប់បានកើនឡើង។ បន្ថែមពីនេះក៏មានការបាញ់ប្រហារកើតឡើងនៅទីក្រុងការ៉ាជីភាគខាងត្បូងប្រទេស បណ្តាលឲ្យមនុស្សមន្ត្រីប៉ូលិស០៤នាក់ស្លាប់នៅល្ងាចថ្ងៃសុក្រ។
ក៏ដូចគ្នានោះដែរ នៅថ្ងៃដដែលករណីបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត ក៏បានកើតមានឡើងផងដែរ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ក្នុងទីក្រុង Quetta ភាគនិរតីនៃប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលបានបណ្តាលឲ្យមនុស្សសរុប១១ស្លាប់ រួមមានទាំងមន្រ្តីប៉ូលិសចំនួន០៥រូប និង១៦នាក់ផ្សេងទៀតបានទទួលរងរបួស ហើយក្រោយមកចំនួនអ្នកស្លាប់ក៏បានកើនឡើងដូចគ្នា ដោយសរុបក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតធំៗខាងលើនេះ បានបង្កមនុស្សស្លាប់ ៤០នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍៕