(ប៉េកាំង)៖ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ អត្រានៃការនាំចូលទំនិញកូរ៉េខាងជើងមកកាន់ប្រទេសចិន មានការថយចុះគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលនៃវិធានដាក់បំរាមរបស់ទីក្រុងប៉េកាំងទៅលើរ៉ែធ្យូងថ្ម របស់របបដឹកនាំទីក្រុងព្យុងយ៉ាង ដោយអនុឡោមតាមទណ្ឌកម្មរបស់អន្តរជាតិ ដែលត្រូវបានដាក់ទៅលើរដ្ឋកុម្មុយនិស្តមួយនេះ ក៏ប៉ុន្តែចំណាត់ការនេះហាក់បីដូចជាពុំមានប្រសិទ្ធភាពអ្វីបន្តិចសោះឡើយ ចំពោះកូរ៉េខាងជើង ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានទទួលស្គាល់ផងដែរថា ចិនបានបរាជ័យក្នុងការដោះស្រាយបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
ប្រទេសចិនដែលជាអ្នកចូលរួមចំណែកយ៉ាងធំធេង គឺជាង៩០ភាគរយនៃការធ្វើពាណិជ្ជកម្មគ្រង់ទម្រង់របស់កូរ៉េខាងជើង បានធ្វើការនាំចូលផលិតផលពីសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនមួយនេះ កាន់តែតិចទៅៗពីមួយខែទៅមួយខែ គិតចាប់តាំងតែពីទីក្រុងប៉េកាំង បានសម្រេចផ្អាកការដឹកជញ្ជូនធ្យូងថ្មពីកូរ៉េខាងជើងកាលពីខែកុម្ភៈ ក្រោមដំណោះស្រាយទណ្ឌកម្មមួយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ចេញកាលពីចុងឆ្នាំមុន។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចប្រឹងប្រែងរបស់ចិន ក្នុងការបង្ខំឲ្យកូរ៉េខាងជើងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ បានទទួលបរាជ័យហើយ។ លោក ត្រាំ បានបង្ហោះសារ Twitter មួយថា «ទន្ទឹមនឹងខ្ញុំកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតី ស៊ី ជិនពីង ក៏ដូចជាប្រទេសចិន ដើម្បីជួយក្នុងបញ្ហាកូរ៉េខាងជើងនោះ វាពុំមានប្រសិទ្ធភាពនោះឡើយ តែយ៉ាងហោចណាស់ខ្ញុំដឹងថា ទីក្រុងប៉េកាំង ក៏បានខិតខំព្យាយាមណាស់ដែរ»។ បន្ថែមពីនេះប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក្នុងសប្តាហ៍នេះ ក៏បានអំពាវនាវដល់ចិនថា គួរតែប្រឹងប្រែងឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីគ្រប់គ្រងឥទ្ធិពលនៃកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង៕