(ប៊ែរឡាំង)៖ លោក Martin Schulz អតីតប្រធានសភាសហភាពអឺរ៉ុប និងបច្ចុប្បន្នជាប្រធានគណបក្សឆ្វេងនិយមកណ្តាលមានឈ្មោះថា គណបក្សសង្គមប្រជាធិតេយ្យបាននិយាយថា លោក ដូណាល់ ត្រាំ, លោក វ្ល៉ាឌីមៀ ពូទីន, និងលោក រេសិប តាយយីប អឺដូហ្គាន់ កំពុងធ្វើខ្លួនដូចជាមេដឹកនាំផ្តាច់ការ ហេតុដូច្នេះលោក Schulz បានអំពាវនាវឲ្យសហភាពអឺរ៉ុប ពង្រឹងខ្លួនឯងឲ្យខ្លាំង ដើម្បីឆ្លើយតបទៅនឹងចរន្តប្រជាធិបតេយ្យ ដែលកំពុងតែចុះទន់ខ្សោយនៅអាមេរិក រុស្ស៊ី និងតួកគី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
លោក Schulze បានបញ្ជាក់យ៉ាងដូច្នេះថា «វាជារឿងសំខាន់ណាស់សម្រាប់ពេលឥឡូវនេះ ដើម្បីដុសខាត់អឺរ៉ុប និងធ្វើឲ្យសហភាពនេះខ្លាំងជាងមុន។ វាមិនមែនត្រឹមតែជាការនិយាយឲ្យតែបាននោះទេ គឺយើងត្រូវបានបង្កើតគោលនយោបាយ ដើម្បីជម្រុញបញ្ហានេះ»។
គួរបញ្ជាក់ថា អធិបការបតីអាល្លឺម៉ង់លោកស្រី អេនជែឡា មឺគែល នឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hamburg ពីថ្ងៃទី0៧ ដល់ទី០៨ ខែកក្កដាខាងមុខនេះ ហើយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏នឹងចូលរួមផងដែរ ដើម្បីជជែកពិភាក្សាអំពីការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប ហើយប្រការនេះត្រូវបានក្រុមអ្នកជំនាញព្រមានថា នឹងក្លាយជាប្រធានបទក្តៅ ដែលអាចបង្កការបែកបាក់គ្នាជាមិនខាន៕