(ម៉ានីល)៖ រដ្ឋាភិបាលទីក្រុងម៉ានីលនាថ្ងៃសុក្រសប្តាហ៍នេះ បានសម្តែងការស្វាគមន៍ ចំពោះបំណងល្អរបស់ប្រទេសអូស្រ្តាលី ដែលបានគ្រោងនឹងបញ្ជូនយន្តហោះស៊ើបការណ៍របស់ខ្លួន មកជួយហ្វីលីពីនទប់ទល់ ក៏ដូចជាកម្ចាត់ក្រុមសកម្មប្រយុទ្ធបណ្តាញ ISIS នៅក្នុងទីក្រុង Marawi ភាគខាងត្បូងនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
លោក Ernesto Abella អ្នកនាំពាក្យប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងដាវ៉ៅថា ប្រទេសហ្វីលីពីនស្វាគមន៍ចំពោះបំណងដ៏ល្អរបស់ភាគីអូស្រ្តាលី ហើយនាឱកាសនោះ លោក Abella បានបន្ថែមថា រដ្ឋាភិបាលទីក្រុងម៉ានីល នឹងស្វាគមន៍ដោយរីករាយជានិច្ច ចំពោះការផ្តល់ជាជំនួយគ្រប់ទម្រង់ពីបរទេស ដែលស្ថិតក្រោមការអនុញ្ញាតនៃរដ្ឋធម្មនុញ្ញរបស់យើង ដើម្បីជួយដល់ការបង្រ្កាបពួកឧទ្ទាមនៅក្នុងទីក្រុង Marawi។
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Marise Payne បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរបស់លោក នឹងធ្វើការបញ្ជូនយន្តហោះស៊ើបការណ៍ដ៏ទំនើបធុន AP-3C Orion ចំនួនពីរគ្រឿងមកឲ្យជួយជ្រោមជ្រែងកម្លាំងយោធាហ្វីលីពីន កម្ទេចក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលជាបណ្តាញ ក្រុមភេរវករដ៏ល្បីល្បាញ ISIS ដែលនៅសេសសល់ទាំងប៉ុន្មាន ក្នុងទីក្រុង Marawi ភាគខាងត្បូងនេះ។
គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធជាងមួយខែមកនេះនៅក្នុងទីក្រុង Marawi បានផ្តាច់យកអាយុជីវិតមនុស្សអស់យ៉ាងតិច ៣៧៥នាក់ ដោយរួមបញ្ចូលទាំងប្រជាជនស្លូតត្រង់ ២៦នាក់ និងពលទាហានក៏ដូចជាប៉ូលិស ៦៩នាក់ ខណៈប៉ុន្មានផ្សេងទៀតគឺជាក្រុមសកម្មប្រយុទ្ធ។ លើសពីនេះទៀត ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងនេះ ភាគច្រើនបានភៀសខ្លួនពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធ រវាងកងកម្លាំងរដ្ឋាភិបាលហ្វីលីពីន និងក្រុមសកម្មប្រយុទ្ធបានផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ៕