(ប៉េកាំង)៖ ការបាក់ដីដ៏ខ្លាំងក្លាមួយបានកើតមានឡើង នៅក្នុងខេត្តស៊ីឈន់ ភាគនិរតីប្រទេសចិននៅព្រឹកថ្ងៃសៅរ៍នេះតែម្តង ដោយបានសង្កត់ទៅលើលំនៅឋាន ៤០ខ្នង ហើយក្នុងនោះប្រជាជនជាង ១០០នាក់ ត្រូវបានអាជ្ញាធរជឿជាក់កំពុងជាប់នៅក្រោមគំនរដីបាក់នោះផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
ផ្ទាំងដីដ៏ធំត្រូវបានគេដឹងថា បានរលំចុះមកពីតំបន់ទីបេ និង Qiang បានធ្លាក់ទៅលើភូមិ Xinmo នៅវេលាម៉ោង ៦៖០០នាទីព្រឹកតែម្តង ហើយដែលវាក៏បានធ្វើរារាំងដល់ផ្លូវទឹកទន្លេឆ្លងកាត់ផងដែរ។ រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះប្រចាំខេត្តស៊ីឈន់ កំពុងតែបន្តប្រតិបត្តិការជីកគាស់ ស្វែងរកមនុស្សជាប់ខ្លួន ប៉ុន្តែគេនៅមិនទាន់អាចបញ្ជាក់ពីចំនួនមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ៕