(ដូហា)៖ ប្រទេសកាតាបានបញ្ជាក់ថា ការទាមទារដ៏ច្រើនពីពិភពអារ៉ាប់ ជាពិសេសអារ៉ាប៊ីសាអូឌីត ឲ្យខ្លួនធ្វើរឿងជាច្រើនក្នុងនោះមានដូចជា កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទទូរទស្សន៍ Al Jazeera និងបិទមូលដ្ឋានទ័ពតួកគីប្រចាំប្រទេសកាតានោះ គឺជារឿងដែលគ្មានហេតុផល និងមិនអាចទៅរួច ប៉ុន្តែទីក្រុងដូហានឹងធ្វើការឆ្លើយតបជាផ្លូវការទៅកាន់ប្រទេសអារ៉ាប់ទាំងនោះ នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។
ព្រះអង្គម្ចាស់ Sheikh Saif al-Thani នាយកការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលកាតា បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងតែពិនិត្យមើល ចំពោះការទាមទារទាំងនោះដោយការគោរព... ចំពោះសន្តិសុខក្នុងតំបន់ ហើយយើងនឹងមានការឆ្លើយតបជាផ្លូវការ តាមរយៈក្រសួងការបរទេសរបស់យើង»។ ជុំវិញការទាមទាររបស់បណ្តារដ្ឋអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីតជាអ្នកនាំផ្លូវនេះ គឺត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន អះអាងថា «ជារឿងដែលសមហេតុផល និងអាចប្រព្រឹត្តទៅរួច»។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបានស្នើឱ្យកាតា បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគីនៅក្នុងប្រទេស។ ការស្នើឡើងបែបនេះរបស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងព្រះហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានពិភាក្សាគ្នាតាមទូរស័ព្ទលើសំណុំរឿងកាតា កាលពីថ្ងៃព្រហស្បតិ៍ ដោយមេដឹកនាំទំាងពីរក៏បានព្រមព្រៀងគ្នាដែរថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងនៃ ទំនាក់ទំនងជាមួយទីក្រុងដូហា។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Financial Times លក្ខខណ្ឌទំាងអស់មាន ១៣ចំណុច ហើយកាតាមានរយៈពេល ១០ថ្ងៃ ដើម្បីអនុវត្តន៍តាម ក្នុងនោះរួមមានការបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគីនៅក្នុងប្រទេស។ ជាងនេះទៅទៀត ផ្អែកលើលក្ខខណ្ឌទំាងនេះ ទីក្រុងដូហាត្រូវបញ្ឈប់ការផ្ដល់ហិរញ្ញវត្ថុឱ្យពួកភេរវករ ឬបុគ្គល និងក្រុមទាំងឡាយណាដែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ចាត់ទុកថាជាភេរវករ៕