(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានស្នើឲ្យសហរដ្ឋអាមេរិក ធ្វើការដកការហ៊ុព័ទ្ធសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសគុយបា ដែលត្រូវបានដាក់អនុវត្ត អស់រយៈពេលជាង៥ទសវត្សមកហើយនោះ។ នេះបើតាមសម្តីអ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ ឲ្យដឹងនាយប់ថ្ងៃទី២៣ ខែមិថុនានេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅពេលដែលឆ្លើយសំណួរ របស់ក្រុមអ្នកសារព័ត៌មាន ទាក់ទងទៅនឹងការកែសម្រួលគោលនយោបាយ នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសគុយបា។
«វៀតណាម ប្រឆាំងទៅនឹងការហ៊ុព័ទ្ធសេដ្ឋកិច្ច ជាឯកតោភាគីណាមួយ ដែលប្រទេសមួយ បានដាក់ទៅលើប្រទេសមួយផ្សេងទៀត» នេះបើតាមសម្តី លោកស្រីនាំពាក្យ។
លោកស្រីបន្ថែមថា វៀតណាមចង់ឲ្យគុយបា និងសហរដ្ឋអាមេរិក ដោះស្រាយនូវការមិនចុះសម្រុងគ្នា តាមរយៈការចរចា និងពិភាក្សា ដោយគោរពឯករាជ្យ និងអធិបតេយ្យភាព គ្នាទៅវិញទៅមក និងសំដៅទៅរក ការធ្វើទំនាក់ទំនងទ្វេរភាគីគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើផលប្រយោជន៍ស្របច្បាប់ នៃប្រជាជន និងប្រទេសទាំងពីរ៕