(សេអ៊ូល)៖ មិត្តភត្តិដ៏យូរអង្វែងនិងជិតស្និទ្ធបំផុត របស់អតីតប្រធានាធិបតីកកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលត្រូវបានគេទម្លាក់ចេញពីតំណែងគឺលោកស្រី ឆយ ស៊ូនស៊ីល នាថ្ងៃសុក្រនេះ ត្រូវបានតុលាការទីក្រុងសេអ៊ូល ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេលបីឆ្នាំ សម្រាប់ការចោទប្រកាន់មួយ ក្នុងចំណោមការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយមួយចំនួនផ្សេងទៀត ប្រឆាំងទៅលើរូបលោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយបថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
នាថ្ងៃសុក្រនេះ តុលាការទីក្រុងសេអ៊ូលបានសម្រេចផ្តន្ទាទោសលោកស្រី ឆយ វ័យ៦១ឆ្នាំ ដាក់ពន្ធនាគាររយៈពេលចំនួនបីឆ្នាំ ដោយសារការស្នើសុំសិទ្ធិអនុញ្ញាតពិសេសដោយខុសច្បាប់ សម្រាប់ឲ្យកូនស្រីរបស់លោកស្រី បានចូលសិក្សានៅក្នុងសាកលវិទ្យាល័យដ៏មានកេរ្តិ៍ឈ្មោះមួយនៅកូរ៉េខាងត្បូង ហើយទទួលបានចំណាត់ថ្នាក់ល្អ ដោយពុំចាំបាច់ខិតខំប្រឹងប្រែងនោះឡើយ។
នេះគ្រាន់តែការសម្រេចផ្តន្ទាទោសដំបូងមួយប៉ុណ្ណោះ នៅក្នុងចំណោមសំណុំរឿងមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធជាមួយលោកស្រី ឆយ ក៏ដូចជាលោកស្រី ផាក គឺនហេ ខណៈរឿងក្តីទាំងប៉ុន្មានផ្សេងទៀតនោះ កំពុងស្ថិតក្រោមការជំនុំជម្រះក្តីនៅឡើយ ហើយជោគវាសនារបស់លោកស្រី ផាក ក្រោយពីត្រូវបានទម្លាក់ចេញពីតំណែងឲ្យក្លាយមកជារាស្រ្តសាមញ្ញាធម្មតានេះ ក៏មិនទាន់ដឹងថានឹងទៅជាយ៉ាងណាផងដែរ។
សូមជំរាបថា លោកស្រី ឆយ ស៊ូនស៊ីល នេះហើយ គឺជាដើមចមនៃរឿងស្រូវពុករលួយដ៏កក្រើកនៅកូរ៉េខាងត្បូង ដែលបានបណ្តាលឲ្យឈានទៅដល់ការទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែង ហើយក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានកំណត់ថាលោកស្រី ឆយ និងលោកស្រី ផាក គឺជាដៃគូឧក្រិដ្ឋជននឹងគ្នា។ លោកស្រី ឆយ ត្រូវគេសង្ស័យថា បានប្រើប្រាស់ឥទ្ធិពល ក្នុងនាមជាមិត្តជិតស្និទ្ធរបស់លោកស្រី ផាក ដើម្បីជំរិតប្រាក់រាប់សិបលានដុល្លារពីក្រុមហ៊ុនធំៗ ហើយលោកស្រី ក៏ត្រូវបានចោទប្រកាន់ពីបទលូកលាន់ចូលកិច្ចការផ្ទៃក្នុងរដ្ឋាភិបាល នៅពីក្រោយឆាកផងដែរ ដែលរឿងទាំងអស់នេះ បានបណ្តាលឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់ពាន់រាប់ម៉ឺននាក់ មានការខឹងសម្បារជាខ្លាំង រហូតដល់ថ្នាក់បាននាំគ្នាធ្វើការតវ៉ាដោយអហិង្សាអស់រយៈពេលជាច្រើនខែ ដើម្បីទាមទារឲ្យលោកស្រី ផាក ចុះចេញពីតំណែង៕