(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានចូលរួមទស្សនាដោយផ្ទាល់ ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង Hyunmoo-2 ដែលអាចរត់បានចំងាយ ៨០០គីឡូម៉ែត្រ ហើយគ្រាប់មីស៊ីលនេះត្រូវបានគេបាញ់ចំគោលដៅយ៉ាងល្អឥតខ្ចោះ តាមការគ្រោងទុកទៀតផង។ ប៉ុន្តែគួរឱ្យកត់សម្គាល់ ជោគជ័យនៃការធ្វើតេស្ដនេះ គឺជាសារមួយយ៉ាងរ៉ឹងមំា ផ្ញើជូនទីក្រុងព្យុងយ៉ាង ដែលតែងតែបាញ់បោះមីស៊ីលឥតកោតក្រែងអ្នកជិតខាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមអ្នកនំាពាក្យវិមានប្រធានាធិបតី លោក ផាក ស៊ូយ៉ុន (Park Soo-hyun) លោក មូន ជែអ៊ីន បានចូលរួមទស្សនាការបាញ់សាកល្បងមីស៊ីល Hyunmoo-2 នៅម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃសុក្រនេះ នៅឯទីតំាងធ្វើតេស្ដរបស់ទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍវិស័យការពារជាតិ (ADD) ស្ថិតនៅភាគនិរតីប្រទេសកូរ៉េខាងត្បូង។ ជាងនេះទៅទៀតការអង្កេតមើលដោយផ្ទាល់នេះ គឺជាសារព្រមានចំពោះកូរ៉េខាងជើង សម្រាប់ការធ្វើសកម្មភាពបង្ករឿងជាបន្តបន្ទាប់នាពេលថ្មីៗនេះ ត្បិតភាពជោគជ័យនៃការបាញ់សាកល្បងមីស៊ីល Hyunmoo-2 គឺជាផ្នែកមួយនៃគំរោងទប់ស្កាត់ការគំរាមកំហែងពីមីស៊ីល របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលផ្លោង Hyunmoo-2 ពីសំណាក់កូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកម្នាក់បានអះអាងថា កូរ៉េខាងជើងទើបតែបានធ្វើតេស្ដសាកល្បងម៉ូទ័រគ្រាប់រ៉ុក្កែត ដែលសហរដ្ឋអាមេរិកជឿជាក់ថា ជាផ្នែកមួយនៃការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងឆ្លងទ្វីប ICBM ខណៈកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា នឹងបាញ់សាកល្បងមីស៊ីល ICBM ជាលើកដំបូងក្នុងឆ្នាំ២០១៧នេះ៕