(ម៉ូស្គូ)៖ សមាជិកព្រឹទ្ធសភារុស្ស៊ី លោក Konstantin Kosachev នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការអូសបន្លាយពេល ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងម៉ូស្គូ គឺជាភាពបរាជ័យសម្រាប់ការទូតអឺរ៉ុបទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Konstantin Kosachev បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាបរាជ័យមួយផ្សេងទៀតសម្រាប់ការទូតអឺរ៉ុប ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន... ហើយការសម្រេចបែបនេះក៏គ្មានអ្វីថ្មីនោះដែរ មានតែធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍ កិច្ចព្រមព្រៀងទីក្រុង Minsk តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា មេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នារយៈពេល០២ថ្ងៃ ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២២ ដោយពួកគេបានឯកភាពគ្នា អូសបន្លាយរយៈពេលដាក់ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ដែលបានផ្ដួចផ្ដើមឡើងតាំងតែពីឆ្នាំ២០១៤ សម្រាប់ការលូកដៃនៅក្នុងជម្លោះ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មទំាងនេះភាគច្រើន គឺផ្ដោតសំខាន់ទៅលើវិស័យថាមពល ឧស្សាហកម្មអាវុធ និងហិរញ្ញវត្ថុជាដើម ហើយដែលនឹងត្រូវបន្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧៕