(ម៉ូស្គូ)៖ ក្នុងពេលតែមួយសប្តាហ៍ប៉ុណ្ណោះ យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី បានហោះស្ទាក់យន្តហោះស៊ើបការណ៍របស់បរទេសចំនួន ១៤គ្រឿង នៅក្បែរដែនអាកាសជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Spuntnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មាន Krasnaya Zvezda ឬ Red Star ដែលមានទំនាក់ទំនងជាមួយក្រសួងការពារជាតិរុស្ស៊ី បានចុះផ្សាយថា យន្តហោះចម្បាំងធុន MiG-31 និង Su-27 របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ត្រូវបានបញ្ជូនឲ្យឆ្លើយតបជាបន្ទាន់ ចំពោះការហើរឆ្វែលចំនួន ២៣លើក របស់យន្តហោះបរទេសចំនួន ១៤គ្រឿង ដែលភាគច្រើនគឺជារបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។
សារព័ត៌មានដដែលបានធ្វើការប៉ាន់ប្រមាណថា យន្តហោះដ្រូន Global Hawk និងយន្តហោះធុនធំ RC-135 របស់អាមេរិក ទំនងជាបានធ្វើបេសកកម្មស៊ើបការណ៍ ចំនួន១០លើកនៅក្បែរព្រំដែនរុស្ស៊ី, យន្តហោះ P-3 Orion របស់ប្រទេសន័រវ៉េស បានធ្វើបេសកកម្មស៊ើបការណ៍ចំនួនបួនលើក និងបីលើកទៀតត្រូវបានធ្វើឡើងដោយយន្តហោះស៊ើបការណ៍ របស់កងទ័ពជើងអាកាសនៃប្រទេសស៊ុយអែត។ ក្រៅពីនេះយន្តហោះរបស់កងទ័ពអាកាសចក្រភពអង់គ្លេស និងបារាំង ក៏ត្រូវបានប្រទះឃើញដោយទីភ្នាក់ងារការពារដែនអាកាស របស់រុស្ស៊ីផងដែរ ហើយយន្តហោះរបស់ព័រទុយហ្គាល់ និងជប៉ុន ក៏បានបង្ហាញវត្តមាននៅក្បែរព្រំដែនរបស់ប្រទេសរុស្ស៊ីដូចគ្នា។
គួរបញ្ជាក់ថា ចំនួនហេតុការណ៍នៅលើដែនអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះរបស់រុស្ស៊ី និងបណ្តាប្រទេសជាសមាជិកនៃអង្គការ NATO នោះ បានកើនឡើងជាបន្តបន្ទាប់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បន្ទាប់ពីសម្ព័ន្ធមិត្តដែលមានអាមេរិកជាបងធំនេះ បានបង្កើនវត្តមានក៏ដូចជាឥទ្ធិពលរបស់ពួកគេ នៅក្បែរព្រំដែនភាគខាងលិចរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤៕