(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបានស្នើឱ្យកាតា បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគីនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
ការស្នើឡើងបែបនេះរបស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងព្រះហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានពិភាក្សាគ្នាតាមទូរស័ព្ទលើសំណុំរឿងកាតា កាលពីថ្ងៃព្រហស្បតិ៍ ដោយមេដឹកនាំទំាងពីរក៏បានព្រមព្រៀងគ្នាដែរថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងនៃ ទំនាក់ទំនងជាមួយទីក្រុងដូហា។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Financial Times លក្ខខណ្ឌទំាងអស់មាន ១៣ចំណុច ហើយកាតាមានរយៈពេល ១០ថ្ងៃ ដើម្បីអនុវត្តន៍តាម ក្នុងនោះរួមមានការបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគីនៅក្នុងប្រទេស។ ជាងនេះទៅទៀត ផ្អែកលើលក្ខខណ្ឌទំាងនេះ ទីក្រុងដូហាត្រូវបញ្ឈប់ការផ្ដល់ហិរញ្ញវត្ថុឱ្យពួកភេរវករ ឬបុគ្គល និងក្រុមទាំងឡាយណាដែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ចាត់ទុកថាជាភេរវករ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះតួកគី គឺជាប្រទេសតែមួយគត់ ដែលបានចេញមុខគាំទ្រកាតាពេញទំហឹង ក្រោយបណ្ដាប្រទេសអារ៉ាប់ នាំគ្នាកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតាកាលពីថ្ងៃទី០៥ ខែមិថុនា ដោយចោទថា ទីក្រុងដូហាគាំទ្រដល់ក្រុមភេរវករ បើទោះជាកាតាបានបដិសេធជាច្រើនដងក៏ដោយ៕