(អាមេរិក)៖ គំនិតសម្រាប់បេសកកម្មថ្មី របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបង្ហើបឲ្យដឹងថា គឺការសិក្សាស្រាវជ្រាវលើបរិស្ថាន គ្របដណ្តប់ដោយឧស្ម័នរបស់ភពអ៊ុយរ៉ាណុស និងភពណិបទូន ដែលជាភពពីរស្ថិតនៅតំបន់ចុងប្រព័ន្ធព្រះអាទិត្យ និងមានយានអវកាសធ្លាប់ទៅដល់តែម្តងគត់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
អង្គការ NASA បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ខ្លួនមានគំនិតដ៏ល្អៗជាច្រើនសម្រាប់បេសកកម្មនាពេលអនាគត ដើម្បីយកមកធ្វើការពិចារណា រួមមានទាំងការបញ្ជូនយានសម្រាប់ការហោះឆ្វែលទៅកៀក, យានសម្រាប់ធ្វើដំណើរគោចរជុំវិញ, និងសូម្បីតែយានសម្រាប់មុជចូលទៅក្នុងបរិយាកាសរបស់ភពអ៊ុយរ៉ាណុស ហើយវាស្ថិតនៅក្នុងគម្រោងបេសកកម្ម ដែលអង្គការ NASA បានរៀបចំឡើងសម្រាប់ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៣២។
ទីភ្នាក់ងារអវកាសអាមេរិក បានលើកឡើងថា «ការរុករុក និងសិក្សាស្រាវជ្រាវដោយលម្អិត ទៅលើយ៉ាងហោចណាស់ភពមួយ ក្នុងចំណោមភពទាំងពីរនេះ និងបរិស្ថានរបស់វា ដែលរួមមានទាំងព្រះច័ន្ទ ខ្សែក្រវ៉ាត់ និងដែនម៉ាញេទិចដ៏ចម្លែកៗ។ ពួកយើងមិនទាន់ដឹងថា តើភពទាំងពីរនេះ បានកកើតឡើងដោយរបៀបណា ឬមួយក៏តើហេតុអ្វីបានជាពួកវាក៏ដូចជាព្រះច័ន្ទរបស់ពួកវា មានរូបរាងដូចសព្វថ្ងៃនោះឡើយ។ ម៉្យាងវិញទៀត តំរុយសំខាន់ៗ ពាក់ព័ន្ធនឹងការចាប់កំណើតរួមទាំងការវិវឌ្ឍនៃប្រព័ន្ធព្រះអាទិត្យ អាចនឹងត្រូវរកឃើញ ដោយវិធីតែមួយគត់ គឺតាមរយៈការសិក្សាយ៉ាងលម្អិតទៅលើភពមួយ ក្នុងចំណោមនោះ ឬកាន់តែប្រសើរថែមទៀតនោះ គឺការសិក្សាទៅលើភពទាំងពីរតែម្តង»។
គួរបញ្ជាក់ថា ភពទាំងពីរធ្លាប់មានយានអវកាសតែមួយគត់ទៅដល់ គឺយាន Voyager 2 ដែលបានហោះកាត់ភពអ៊ុយរ៉ាណុសកាលពីឆ្នាំ១៩៨៦ និងណិបទូនកាលពីឆ្នាំ១៩៨៩ នៅក្នុងដំណើរផ្សងព្រេងតែមួយ៕