អស្ចារ្យ! «ឥណ្ឌាបាញ់បង្ហោះផ្កាយរណប ៣១គ្រឿងទៀត ទៅកាន់គន្លងតារាវិថី» ដោយប្រើរ៉ុក្កែតតែមួយគ្រាប់!
23-06-2017 11:33
(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានសម្រេចជោគជ័យធំមួយទៀត ប្រចាំឆ្នាំ២០១៧នេះ គឺការបាញ់បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែតមួយគ្រាប់ ផ្ទុកផ្កាយរណបចំនួន ៣១គ្រឿង ទៅកាន់គន្លងគោចរនៃភពផែនដី ដែលវាត្រូវបានធ្វើឡើងនៅស្ថានីយ៍បាញ់បង្ហោះនៃកោះ Sriharikota ក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលឥណ្ឌាធ្វើការបាញ់បង្ហោះផ្កាយរណបច្រើនបែបនេះ ដោយកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ មហាយក្សនៅអាស៊ីមួយនេះ ក៏ធ្លាប់បានបាញ់បង្ហោះផ្កាយរណបសរុប ១០៤គ្រឿងផងដែរ ទៅកាន់គន្លងតារាវិថី។ ចំពោះផ្កាយរណបភាគច្រើនគឺបានមកពីអតិថិជនបរទេស ហើយផ្កាយរណបដែលសំខាន់ជាងគេគឺប្រភេទ Cartosat 2 ដែលមានទម្ងន់ ៧១៤គីឡូក្រាម សម្រាប់ធ្វើការកំណត់ផែនទីនៃភពផែនដី ហើយផ្កាយរណបធុនតូចដទៃផ្សេងទៀតជារបស់ សហរដ្ឋអាមេរិក, អ៊ីស្រាអែល, កាហ្សាក់ស្ថាន, ហូឡង់, ស្វីស, និងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម៕