(កូរ៉េខាងជើង)៖ នៅពេលមេដឹកនាំដ៏អាថ៌កំបាំងរបស់ពិភពលោក លោក គីម ជុងអ៊ុន ធ្វើដំណើរមកទស្សនាក្បួនព្យុះហយាត្រា គឺលោកបានជិះរថយន្តដ៏ទំនើប និងប្រណិតម៉ាក Mercedes Benz ចេញដើរទៅលើកម្រាលព្រំក្រហម។ ប៉ុន្តែអ្វីដែលជាទីចាប់អារម្មណ៍ និងគួរឱ្យចង់ដឹងនោះគឺ ថាតើអ្នកណាជាអ្នកលក់រថយន្ត លំដាប់ខ្ពស់នេះដល់មេដឹកនាំកំពូលកូរ៉េខាងជើង? តើលោក គីម ជុងអ៊ុន មានប្រភពចំណូលពីណាខ្លះ? តើមានអាថ៌កំបាំងអ្វីខ្លះនៅក្រោយភាពប្រណិត នៃមេដឹកនាំរូបនេះ? នេះជាសំណួរដែលលើកឡើង ដោយភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ។
ថ្វីបើរងសម្ពាធដោយការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិ លោក គីម ជុងអ៊ុន នៅតែអាចបន្តរស់នៅក្នុងជីវិតដ៏រីករាយ ជាក់ស្តែងថ្មីៗនេះ លោកបានទិញនូវវត្ថុ ប្រើប្រាស់មានតម្លៃជាច្រើនដូចជា ទូកកំសាន្តពណ៌សដ៏ប្រណិតរួមជាមួយស្រាថ្លៃៗ និងសម្ភារៈបរិក្ខាចាំបាច់ ដើម្បីរៀបចំកន្លែងជិះស្គីកំសាន្តរបស់ខ្លួន។
ប្រទេសកូរ៉េខាងជើង បានទិញទំនិញលំដាប់ប្រណិត មានតម្លៃជាទឹកប្រាក់សរុបចំនួន ៦៤៥.៨លានដុល្លារក្នុងឆ្នាំ២០១២ នេះបើយោង តាមរបាយការណ៍ របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤កន្លងទៅនេះ។ ក្នុងឆ្នំា២០១៥ ប្រទេស កូរ៉េខាងជើង បានធ្វើការនាំចូល ក្នុងតម្លៃជាទឹកប្រាក់សរុបចំនួន ៣.៤៧ពាន់លានដុលា្លរ។ របាយការណ៍បង្ហាញថា ប្រទេសកូរ៉េខាងជើង បានចំណាយប្រាក់ច្រើន សន្ធឹកសន្ធាប់ទៅលើផលិតផលប្រណិតៗ លើសពីអ្វីដែលច្បាប់ នាំចូលបានកំណត់ទុក នេះបើយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិនាពេលកន្លងទៅនេះ។
តើមេដឹកនាំប្រទេស កូរ៉េខាងជើងកាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ ព្រមានប្រជាពលរដ្ឋរបស់ខ្លួនឱ្យត្រៀមខ្លួនក្នុងការ ទទួលយកគ្រោះអត់ឃ្លាន និងវិបត្តិសេដ្ឋកិច្ចបានដោយរបៀបណា ទាំងដែលខ្លួនកំពុងរស់នៅក្នុងភាពប្រណិតបែបនេះ?
អ្នកជំនាញបានថ្លែងថា ការទិញវុត្ថុប្រណិតនេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់លោក គីម ដែលប្រមូល បានមកពីការរកស៊ី ដោយខុសច្បាប់ពីទូទាំងពិភពលោក។ ប្រទេស កូរ៉េខាងជើង ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស ជាច្រើនដូចជា ការលួចតាមអ៉ិនធើណែត (Hack) ទៅលើធនាគារ លក់អាវុធ ថ្នាំញៀន ក្លែងបន្លំប្រាក់ ថែមទាំងជួញដូរគ្រឿងទេស គ្រោះថ្នាក់ផងដែរ ដែលរាល់ប្រតិបត្តិការខុសច្បាប់នេះ ត្រូវបានគេជឿជាក់ថា អាចផ្តល់ចំណូលរាប់រយលានដុល្លារ។
មិនតែប៉ុណ្ណោះប្រាក់ដែលរកបាននេះ ក៏បានចូលរួមចំណែក្នុងការផ្គត់ផ្គង់ទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលក្នុងប្រទេសផងដែរ ដែលកម្មវិធីទាំងនេះជា ឧបករណ៍របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ប្រើប្រាស់សម្រាប់ទប់ទល់សហរដ្ឋអាមេរិកដែលមានបំណងចង់ផ្តួលរំលំ របបនយោបាយរបស់កូរ៉េខាងជើង។
កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងឆាប់រហ័ស បើទោះបីជាប្រទេសនេះកំពុងរងសម្ពាធពីការដាក់ទណ្ឌកម្ម ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបដិសេធបំណងរបស់សហរដ្ឋអាមេរិក ដែលចង់ធ្វើកិច្ចចរចាដើម្បីទប់ស្កាត់ការ រីករាលដាលនូវអាវុធនុយក្លេអ៊ែរ។
ប្រទេសដ៏ឯកាមួយនេះ បានបំពានទៅលើច្បាប់អន្តរជាតិដោយការបាញ់សាកល្បងនុយក្លេអ៊ែរ ជួញដូរខុសច្បាប់ និងជម្រុញកម្មវិធីនុយក្លេអ៊ែរ នេះជាការលើក ឡើងរបស់លោក Doung Lamborn ដំណាងបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក។
ជាការពិតវាមិនអាចទៅរួចឡើយ ក្នុងការតាមដានរាល់ប្រាក់ចំណូលខុសច្បាប់ទាំងនេះឱ្យបានច្បាស់លាស់ ដោយសារវាត្រូវបានធ្វើឡើងដោយភាពអាថ៌កំបាំង។ ប៉ុន្តែក្នុងឆ្នាំ២០០៨កន្លងទៅនេះ របាយការណ៍របស់ភ្នាក់ងារស្រាវជា្រវបានបង្ហាញថា រដ្ឋាភិបាលក្រុង ព្យុងយ៉ាង អាចស្វែងរកប្រាក់បានពីគ្រប់ទីកន្លែង ចន្លោះចាប់ពី៥០០លានដុល្លារទៅ១ពាន់លានដុល្លារ ជាប្រាក់ចំណូលប្រចាំឆ្នាំដែលមកពីរឿងខុសច្បាប់។
«ប្រទេសកូរ៉េខាងជើង អាចលក់ទំនិញគ្រប់យ៉ាងបានរហូត ដរាបណាពួកគេនៅតែទទួលបានប្រាក់» នេះជាការលើកឡើងរបស់លោក Anthony Ruggiero អតីតអនុប្រធាននាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក។
អ្នកវិភាគប្រចាំភ្នាក់ងារសារព័ត៌មាន CNN បានថ្លែងថា ប្រាក់ទំាងនោះបានឧបត្ថម្ភទៅលើការផលិតអាវុធនុយកេ្លអ៊ែរ ចម្ងាយឆ្ងាយ និងការរស់នៅដោយប្រណិតភាព របស់បណ្តាពួកវីរៈជនក្នុងប្រទេស ដើម្បីបន្តរក្សាជីវភាពរស់នៅក្នុងភាពរីករាយបើទោះបីជាប្រទេសនេះ ត្រូវរងសម្ពាធពីទណ្ឌកម្មសេដ្ឋកិច្ចក្តី។
អ្វីដែលសំខាន់នោះគឺ វាជាមធ្យោបាយដ៏ចាំបាច់សម្រាប់លោក គីម ក្នុងការក្តោបក្តាប់អំណាចរបស់ខ្លួន និងបង្ការាល់ការងើបឡើងប្រឆាំងនឹងអំណាចរបស់លោក។ ប្រាក់ចំណូលទាំងនោះនឹងហូរចូលហោប៉ៅ ឬធនាគារផ្ទាល់ខ្លួនរបស់មេដឹកនាំកូរ៉េខាងជើង។ ការដកប្រាក់នេះទុកជាប្រាក់ផ្ទាល់ខ្លួនពិតជា បង្កផលប៉ះពាល់យ៉ាងធំធេងដល់លំហូរពាណិជ្ចកម្ម។
អ្នកវិភាគបានលើកឡើងថា ក្នុងគោលដៅដើម្បីដាក់សម្ពាធពិតប្រាកដទៅលើលោក គីម រហូតទាល់តែលោកអស់កម្លាំង ហើយទទួលយកកិច្ចចរចា ជាមួយសហរដ្ឋអាមេរិល វាលុះត្រាតែប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ តាមដានយ៉ាងដិតដល់ទៅលើប្រភពប្រាក់ចំណូលទាំងនេះ។
* យុទ្ធនាការដាក់សម្ភាធ៖
ប្រទេស កូរ៉េខាងត្បូង បានលើកឡើងថាអតីតមេដឹកនាំ គីម ឪពុករបស់លោកបានព្យាយាមធ្វើឃាត សត្រូវដោយប្រើប្រាស់ប៊ិច ចាប់ជម្រិតតារាភាពយន្តដើម្បី ជម្រុញវិស័យឧស្សាហកម្មភាពយន្តរបស់ខ្លួន និងបង្កើតនូវអ្វីមួយដែលមានឈ្មោះថា «ការិយាល័យ៣៩»។
ការិយាល័យ៣៩នេះ ត្រូវបានគេស្គាល់ថា ជាការិយាល័យ ដែលផ្តល់ការគាំទ្របែបឧក្រិដ្ឋដល់មេដឹកនាំកូរ៉េខាងជើង តាមរយៈការមានទំនាក់ទំនងជាមួយ សកម្មភាពសេដ្ឋកិច្ចខុសច្បាប់ និងការលាងលុយជាដើម។
បណ្តាញជនជាតិកូរ៉េខាងជើងនៅក្រៅប្រទេស អាចសម្របបានយ៉ាងល្អទៅតាមសម្ពាធនៃការដាក់ទណ្ឌកម្មអន្តរជាតិ ដោយសារពួកគេមានសមត្ថភាព ក្នុងការលាក់បាំងពាណិជ្ចកម្មខុសច្បាប់របស់ខ្លួនក្នុងពាណិជ្ចកម្មលាក់មុខ។
បើទោះបីជារដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក អូបាម៉ា ព្យាយាមកម្ចាត់ «ការិយាល័យ៣៩» នេះក្តី តែវានៅតែអាចដំណើរការបានដល់បច្ចុប្បន្ន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានលើកឡើងថា សហរដ្ឋអាមេរិកនឹងព្យាយាមក្នុងការរារាំងប្រតិបត្តិការ រកស៊ីខុសច្បាប់របស់កូរ៉េខាងជើង ដោយការដាក់ទណ្ឌកម្មទៅលើភាគីទីបីដែលជួយសម្រាលទណ្ឌកម្ម របស់រដ្ឋាភិបាល ក្រុងព្យុងយ៉ាងកន្លងមក។
បើទោះបីជាលោក Tillerson មិនបានបញ្ជាក់យ៉ាងច្បាស់ថាតើការដាក់ទណ្ឌកម្មទៅលើប្រទេស ដែលជាភាគីទីបីដោយ របៀបណានោះ ផ្នែកមួយនៃយុទ្ធសាស្ត្រនេះ គឺស្នើប្រទេសទាំងអស់ជុំវិញពិភពលោកធ្វើយ៉ាងណាកាត់បន្ថយ ទំនាក់ទំនងការទូតជាមួយប្រទេសនេះ។ មន្ត្រីទូតទាំងរបស់កូរ៉េខាងជើងជុំវិញពិភពលោក ត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់កិច្ចការងារទូតរបស់ខ្លួនដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗដូចជា ការជួញដូរមាស ឬការរត់ពន្ធអាវុធជាដើម។
បុគ្គលិកស្ថានទូត ពិតជាមានប្រយោជន៍ជាខ្លាំងសម្រាប់កូរ៉េខាងជើង ព្រោះថាពួកគេអាចចល័តគ្រប់កន្លែង និងអាចផ្តល់ប្រើប្រាស់ការងារទូតដើម្បីគ្របបាំងកិច្ចការ ងងឹតផ្សេងៗ។ ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលខុសច្បាប់ សហរដ្ឋអាមេរិកត្រូវការរារាំងប្រទេសកូរ៉េខាងជើង ក្នុងការប្រើប្រាស់ស្ថានទូតរបស់ខ្លួន សម្រាប់ប្រព្រឹត្តិបទល្មើសផ្សេងៗ ដែលនេះជាអ្វីដែលអង្គការសហប្រជាជាតិចោទប្រកាន់ទៅលើប្រទេសកុម្មុយនីសមួយនេះ កាលពីឆ្នាំ២០១៦កន្លងទៅនេះ។
សកម្មភាពទាំងនេះ ត្រូវបានបង្ហាញឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបាន គេចោទបុគ្គលិកស្ថានទូតរបស់កូរ៉េខាងជើងថា មានពាក់ព័ន្ធនឹងគម្រោងការសម្លាប់មនុស្ស និងការជួញដូរអាវុធជាដើម។
ដើម្បីបញ្ចប់បញ្ហានេះ សហរដ្ឋអាមេរិក បានលើកឡើងថា ក្នុងស្ថានភាពនេះ ប្រទេសមួយដែលអាចធ្វើចរចា ជាមួយកូរ៉េខាងជើងបាន គឺមេដឹកនាំហ្វីលីពីន លោក Rodrigo Duterte ដែលនឹងធ្វើជាប្រធានសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។
ម្យ៉ាងទៀត ក្នុងចំណោម១០ប្រទេស ក្នុងសមាគមនេះ មាន៨ប្រទេសដែលជាម្ចាស់ផ្ទះដាក់ស្ថានទូតកូរ៉េខាងជើង ចំណែកប្រទេសចំនួន៣៩ផ្សេងទៀតលើ ពិភពលោកក៏ធ្វើជាប្រទេសម្ចាស់ផ្ទះសម្រាប់ស្ថានទូតកូរ៉េខាងជើងផងដែរ។ សហរដ្ឋអាមេរិកបានដាក់សម្ពាធទៅលើបណ្តាប្រទេសមួយចំនួន ក្នុងសមាគមអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការពង្រីកទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង។
កុំភ្លេចថា ពាក់ព័ន្ធនឹងការទប់ស្កាត់សកម្មភាពកូរ៉េខាងជើង សហរដ្ឋអាមេរិកមិនត្រឹមតែត្រូវការអូសទាញបណ្តាប្រទេសនៅ អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវការជំនួយពីប្រទេសចិនផងដែរ ព្រោះថា រដ្ឋាភិបាលក្រុង ប៉េកាំង ជាដៃគូដ៏សំខាន់ និងជាដំណាងរហូតដល់៨៥ភាគរយនៃការនាំចូលរបស់ប្រទេស កូរ៉េខាងជើងទាំងមូល៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា