(សេអ៊ូល)៖ កូរ៉េខាងជើងទើបតែបានធ្វើតេស្ដសាកល្បង «ម៉ូទ័រគ្រាប់រ៉ុក្កែត» ដែលសហរដ្ឋអាមេរិកជឿជាក់ថា ជាផ្នែកមួយនៃការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងឆ្លងទ្វីប ICBM ។ ព័ត៌មាននេះ ត្រូវបានគេទម្លាយឱ្យដឹងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យចិនបន្តដាក់សម្ពាធបន្ថែមទាំងការទូត និងសេដ្ឋកិច្ចលើកូរ៉េខាងជើង ដើម្បីទប់ស្កាត់កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់អាមេរិក-ចិន នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្ដាហ៍នេះ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
មន្ត្រីរូបនេះដដែល នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ទៀតថា ខ្លួនជឿជាក់ថា ការធ្វើតេស្ដម៉ូទ័រគ្រាប់រ៉ុក្កែតនេះ ត្រូវបានធ្វើឡើងកាលពីជាង ២៤ម៉ោងមុននេះ ហើយវាអាចជាផ្នែកមួយនៃដំណាក់កាលអភិវឌ្ឍន៍ម៉ូទ័រគ្រាប់រ៉ុក្កែត សម្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលកូរ៉េខាងជើងទំនងជាអាចនឹងបាញ់សាកល្បងជាលើកដំបូងបំផុត នៅក្នុងឆ្នាំ២០១៧នេះ។ ទោះបីជាយ៉ាងណា មន្ត្រីអាមេរិករូបនេះមិនបានបញ្ជាក់ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងការធ្វើតេស្ដនេះនោះទេ ខណៈកូរ៉េខាងជើង ក៏មិនទាន់បញ្ចេញប្រតិកម្មនឹងសេចក្ដីរាយការណ៍នេះដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតនៅចំងាយប្រមាណជា ៩,០០០គីឡូម៉ែត្រពីកូរ៉េខាងជើង ចំណែឯមីស៊ីលផ្លោង ICBM ជាមធ្យមអាចបាញ់បានចំងាយ៥,៥០០គីឡូម៉ែត្រ ប៉ុន្តែគ្រាប់មីស៊ីលប្រភេទនេះខ្លះអាចបាញ់បានចំងាយ ១០,០០០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ។ ជាងនេះទៅទៀតបើតាមក្រុមអ្នកជំនាញ កូរ៉េខាងជើងអាចនឹងផលិតបានមីស៊ីលឆ្លងទ្វីប ICBM បាញ់ដល់ទ្វីបអាមេរិកយ៉ាងយូរនៅឆ្នាំ២០២០៕