(អ៊ីរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជូនបន្លែនិងផ្លែឈើ ជាង១,១០០តោន ទៅកាន់ប្រទេសកាតា ជារៀងរាល់ថ្ងៃ បន្ទាប់ពីបណ្តាប្រទេស នៅតំបន់ឈូងសមុទ្រ Gulf ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយនឹងរដ្ឋាភិបាលទីក្រុង Doha របស់កាតា។ នេះបើតាមសារព័ត៌មាន AFP ចុះផ្សាយនាយប់ ថ្ងៃទី២២ ខែមិថុនានេះ។
រដ្ឋាភិបាលអ៊ីរ៉ង់ ដែលជាគូប្រជែងរបស់អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមនាំចេញអាហារ ទៅកាន់កាតាក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីវិបត្តិការទូតនៅតំបន់ឈូងសមុទ្រ Gulf ដែលបានដាក់កាតា នៅដាច់ដោយឡែកពីគេ ដោយគ្មានបណ្តាញដឹកជញ្ជូនតាមដីគោក ដែលជាធម្មតាវាត្រូវបានប្រើប្រាស់ ដើម្បីនាំចូលអាហារ។
លោក Mohammad Mehdi Bonchari អគ្គនាយកកំពង់ផែ នៅខេត្ត Boushehr របស់អ៊ីរ៉ង់ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Tehran របស់អ៊ីរ៉ង់ បានដឹក បញ្ជូនអាហារ ចំនួន១,១០០តោន ក្នុងមួយថ្ងៃទៅកាន់កាតា។ អ៊ីរ៉ង់ ក៏បានដឹកបញ្ជូនអាហារ ទៅកាន់ប្រទេសអេមីរ៉េតអារ៉ាប់រួមផងដែរ។
ប្រធានសមាគមនាំចេញសាច់គោ របស់អ៊ីរ៉ង់ បានឲ្យដឹងថា មានសាច់គោចំនួន៦៦តោនហើយ ត្រូវបាននាំចេញទៅកាតា ជាមួយនឹង៩០តោនទៀត ត្រូវបានគេរំពឹងថា នឹងនាំចេញទៅជាបន្តបន្ទាប់ទៀត។ អ៊ីរ៉ង់ បានជម្រុញឲ្យកាតា និងប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រ Gulf ធ្វើការពិភាក្សាគ្នា ដើម្បីដោះស្រាយវិបត្តិការទូតរបស់ពួកគេ៕