(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សរាប់សិបនាក់ស្លាប់និងរបួស ក្រោយហេតុការណ៍បំផ្ទុះរថយន្តដ៏កក្រើក នៅមុខធនាគារមួយកន្លែង ក្នុងទីក្រុង Lashkar Gah នៃខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
២៖ ចរាចរណ៍នៅឥណ្ឌូណេស៊ី កំពុងមមាញឹកខ្លាំងទៀតហើយ ស្របពេលដែលមនុស្សម្នារាប់លាននាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ នាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ តាមមធ្យោបាយធ្វើដំណើរមិនថាយន្តហោះ កប៉ាល់ រថយន្ត ឬមួយក៏ម៉ូតូនោះឡើយ ដើម្បីអបអរពិធីបុណ្យសាសនាអ៊ីស្លាមមួយមានឈ្មោះថា Eid al-Fitr នាថ្ងៃទី២៥-២៦ ខែមិថុនា បន្ទាប់ពីខែរ៉ាម៉ាឌននឹងត្រូវបញ្ចប់ទៅ។
៣៖ សំណង់អនាធិបតេយ្យជាង១០០ខ្នង ត្រូវបានភ្លើងឆាបឆេះខ្ទេចខ្ទីរគ្មានសល់ ក្នុងគ្រោះអគ្គីភ័យមួយ នៅតំបន់មួយកន្លែងនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ខណៈមនុស្សប្រមាណ២០០គ្រួសារបាត់បង់ទីជម្រក។
៤៖ យន្តហោះចម្បាំងមួយគ្រឿងធុន F-16 បានឆាបឆេះឡើងក្នុងអំឡុងពេលព្យាយាម ហោះហើរចាកចេញពីព្រលានយន្តហោះ Ellington ក្នុងទីក្រុង Houston នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ក៏ប៉ុន្តែសំណាងល្អ អាកាសនិកបានចុចបាញ់កៅអី ដើម្បីចាកចេញទាន់ពេលវេលា។
៥៖ យន្តហោះចម្បាំងធុន J-10B ដែលជាស្នាឌៃអភិវឌ្ឍន៍ផ្ទាល់ប្រទេសចិន នឹងទៅចូលរួមក្នុងព្រឹត្តការណ៍ប្រកួតប្រជែងមួយ ស្តីពីវិស័យយោធាអន្តរជាតិ ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខ។
៦៖ ប៉ូលិសប្រទេសអេស្ប៉ាញ ទើបចាប់បានជនសង្ស័យជា បណ្តាញភេរវករ ISIS ចំនួនបីនាក់ នៅទីក្រុងម៉ាឌ្រីត។
៧៖ ក្រុម ISIS បំផ្ទុះកម្ទេចព្រះវិហារ al-Nuri ដ៏ល្បីល្បាញនៅក្នុងទីក្រុងម៉ូស៊ូល ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បានរុលចូលទៅដល់ក្បែរនោះ៕