កក្រើកអាហ្វហ្គានីស្ថាន! «មនុស្ស ២០នាក់ស្លាប់ និង៥០នាក់របួស ក្នុងការបំផ្ទុះគ្រាប់បែកមួយរថយន្ត» នៅមុខធនាគារភាគខាងត្បូងប្រទេស!
22-06-2017 16:57
(កាប៊ុល)៖ រថយន្ដផ្ទុកទៅដោយគ្រាប់បែកមួយគ្រឿង ត្រូវបានគេចុចបំផ្ទុះ នៅថ្ងៃព្រហស្បតិ៍នេះ នៅឯខាងក្រៅបរិវេណធនាគារមួយស្ថិតនៅក្នុងទីក្រុង Lashkar Gah នៃខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហា្គនីស្ថាន ដោយបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស ខណៈពួកគេរង់ចាំបើកប្រាក់។ នេះបើតាមសម្តីក្រុមមន្ត្រីនៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យអភិបាលខេត្ត Helmand លោក Omar Zwak បានឱ្យដឹងមនុស្សមនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និងច្រើនជាង៥០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ ហើយក្នុងចំណោមអ្នកទំាងនេះ ក៏មានសមាជិកកងកម្លំាងរដ្ឋាភិបាល ជនស៊ីវិល និងបុគ្គលិកសាខាធនាគារ Kabul Bank ផងដែរ។ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈក្រុម ISIS និងតាលីបង់ កំពុងស្ថិតនៅក្រោមការសង្ស័យខ្ពស់ជាងគេ៕