(ម៉ានីល)៖ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលហ្វីលីពីន បាននិងកំពុងធ្វើការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ជាមួយបណ្តាញក្រុម ISIS នៅភាគខាងត្បូងប្រទេសនោះ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងម៉ានីលនិងទីក្រុងហ្សាការតា កំពុងតែរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញភេរវករគាំទ្រក្រុម ISIS នៅក្នុងតំបន់។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯវិមានប្រធានាធិបតី Malacanang អ្នកនាំពាក្យខាងលើគឺ លោក Ernesto Abella បានបញ្ជាក់ថា ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីឌូឌូ (Joko Widodo) បានជួបសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ ដើម្បីជជែកពិភាក្សាអំពីការគំរាមកំហែងកាន់តែធ្ងន់ធ្ងរទៅៗ ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រ ISIS នៅក្នុងតំបន់។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ លោក Abella បានឲ្យដឹងទៀតថា លោក វីឌូឌូ បានបញ្ជាក់ពីគោលជំហររបស់ឥណ្ឌូណេស៊ីសាជាថ្មីម្តងទៀត ក្នុងការគាំទ្រយ៉ាងមុតមាំដល់រដ្ឋាភិបាលទីក្រុងម៉ានីល ដើម្បីបង្រ្កាបអំពើភេរវកម្ម ក៏ដូចជាស្តារសន្តិភាព និងស្ថិរភាពនៅភាគខាងត្បូងហ្វីលីពីនឡើងវិញ។
ម៉្យាងវិញទៀតនាថ្ងៃព្រហស្បតិ៍នេះ ជំនួបត្រីភាគីមួយរវាងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏កំពុងប្រព្រឹត្តទៅផងដែរនៅឯរដ្ឋធានីម៉ានីល ក្នុងគោលបំណងរិះរកក៏ដូចជាស្ថាបនាយុទ្ធសាស្រ្តរួមគ្នានានា ដើម្បីទប់ស្កាត់ក្រុមសកម្មប្រយុទ្ធទាំងនោះ កុំឲ្យកើនឡើងឥទ្ធិពល និងឈរជើងកាន់តែរឹងមាំនៅក្នុងតំបន់។
គួរបញ្ជាក់ថា ហ្វីលីពីនបាននិងកំពុងបន្តតែតស៊ូប្រយុទ្ធប្រឆាំងជាមួយនិងអំពើភេរវកម្ម និងសកម្មភាពជ្រុលនិយម នៅភាគខាងត្បូងប្រទេស។ លោក ឌូតឺតេ បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសូម្បីតែតំបន់មជ្ឈិមបូព៌ា កំពុងចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ នៅភាគខាងត្បូងហ្វីលីពីន ខណៈការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមគាំទ្រ ISIS នៅក្នុងទីក្រុង Marawi លើកោះ Mindanao បានអូសបន្លាយអស់រយៈពេលជាងមួយខែទៅហើយ។ ទន្ទឹមនឹងនេះ គិតចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងមក មនុស្សយ៉ាងតិចចំនួន ៣៦៩នាក់ បានបាត់បង់ជីវិត ដោយរាប់បញ្ចូលទាំងពលទាហាន និងប៉ូលិស ៦៧នាក់៕