(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានចាត់ទុកថា ការធ្វើអន្តរាគមន៍យោធារបស់បារាំង ដើម្បីផ្ដួលរំលំរបបដឹកនាំហ្គាដាហ្វីនៅលីប៊ី កាលពីឆ្នាំ២០១១ គឺជាកំហុសឆ្គងមួយ ហើយថា លោកមិនចង់ឃើញបារាំងដើរតាមគន្លងចាស់នេះនៅស៊ីរីឡើយ។ បារំាងគឺជាប្រទេសដំបូងគេ ដែលបានវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងកងកម្លំាងរដ្ឋាភិបាលស្របច្បាប់លីប៊ី រីឯសហរដ្ឋអាមេរិក និងអង់គ្លេសក៏បានរួមគំនិត នៅក្នុងអន្តរាគមន៍យោធានេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្ដាសារព័ត៌មានអឺរ៉ុប និងនៅចំពេលដែលប្រជាជនលីប៊ី កំពុងរស់នៅក្នុងភាពវឹកវរ បន្ទាប់ពីពួកគេបានអបអរសារទរចំពោះអន្តរាគមន៍យោធាបរទេស ក្នុងការផ្ដួលរលំរបបហ្គាដាហ្វី។
ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំ វានឹងក្លាយជាទីបញ្ចប់នៃទម្រង់អភិរក្សនិយមហួសសម័យនៅបារាំង អស់រយៈពេលជាង១០ឆ្នាំមកនេះ។ លិទ្ធិប្រជាធិបតេយ្យ មិនមែនកើតឡើងចេញពីប្រជាពលរដ្ឋដែលគ្មានចំណេះដឹងនោះទេ។ បារាំងមិនបានចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ាក់ ព្រោះបារាំងមានហេតុផលរបស់ខ្លួន។ ក៏ប៉ុន្តែបារាំងបែរជាបានប្រព្រឹត្តកំហុស ចំពោះការធ្វើសង្រ្គាមនៅលីប៊ីទៅវិញ ហើយតើអ្វីទៅជាលទ្ធផលនៃ សង្រ្គាមនេះ? នោះគឺការកកើតឡើងនៃពួកភេរវករ ដូច្នេះខ្ញុំមិនចង់ឃើញរឿងបែបនេះកើតជាថ្មីនៅស៊ីរីឡើយ»។
គួររំលឹកថា កាលពីឆ្នាំ២០១១ ដោយផ្អែកលើការរំលោភសិទ្ធិមនុស្ស បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបដឹកនាំរបស់ លោក កាដាហ្វី។ ប៉ុន្តែក្រោយរបប កាដាហ្វី ដួលរលំ លីប៊ីមិនបានទទួលសន្តិភាពសូម្បីតែបន្តិច ផ្ទុយទៅវិញបែរជាប់ផុងនៅក្នុងជម្លោះរុំារ៉ៃ រហូតដល់ប្រទេសជាតិត្រូវបែកចេញជាពីរ ខណៈប្រជាជនលីប៊ីមួយចំនួនចាប់ផ្ដើមនឹកស្រណោះដល់លីប៊ី ក្រោមការគ្រប់គ្រងរបស់លោក កាដាហ្វី ដែលនៅកាលណោះលីប៊ី ជាប្រទេសមាន GDP និងសេដ្ឋកិច្ចរីកចំរើនជាងគេបំផុត នៅអាហ្រ្វិកខាងជើង៕