(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែ ម៉ាក្រុង បាននិយាយថា ការទម្លាក់លោក បាស្សា អាល់ អាស្សាដ ពីតំណែងជាប្រធានាធិបតីស៊ីរី មិនមែនជាកិច្ចការត្រូវធ្វើមុន គេបង្អស់នោះទេ ដែលនេះគឺផ្ទុយទំាងស្រុងពីគោលជំហរ នៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ ដែលចង្អុលមុខលោក អាស្សាដ ថាជាមេបង្ករឿងនៅស៊ីរី ហើយគួរតែចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាស៍ជាមួយបណ្ដាសារព័ត៌មានអឺរ៉ុប កាលពីថ្ងៃពុធ លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «ទស្សនវិស័យថ្មីដែលខ្ញុំមានសម្រាប់ប្រធានបទនេះ (សង្រ្គាមស៊ីរី) គឺខ្ញុំមិនគិតទេថា ការចាកចេញរបស់លោក បាស្សា អាល់ អាស្សាដ គឺជាកិច្ចការត្រូវធ្វើមុនគេបង្អស់ ពីព្រោះគ្មាននរណាម្នាក់ប្រាប់ខ្ញុំ ពីភាពស្របច្បាប់នៃអ្នកឡើងមកកាន់តំណែងជំនួសគាត់ នោះទេ... ប៉ុន្តែសម្រាប់ខ្ញុំបច្ចុប្បន្នរឿងត្រូវធ្វើមុនគេ គឺប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករទាំងអស់ ដែលជាសត្រូវរបស់ពួកយើង ហើយយើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នា ជាពិសេសរុស្ស៊ីដើម្បីកម្ចាត់ពួកគេ»។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់លោក ម៉ាក្រុង គឺផ្ទុយទាំងស្រុងទៅនឹងគោលជំហរ លោក ហ្វ្រង់ស័រ ហូឡង់ ដែលធ្លាប់ចង់ឱ្យលោក អាស្សាដ ចុះចេញពីតំណែងហើយរៀបចំការបោះឆ្នោតមួយ សំដៅបញ្ចប់ជម្លោះនៅស៊ីរី។ «អាស្សាដ គឺជាប្រភពដើមនៃបញ្ហា ហើយមិនគួរក្លាយជាផ្នែកមួយ នៃដំណោះស្រាយបញ្ចប់ជម្លោះឡើយ»។ នេះគឺជាការលើកឡើងរបស់ លោក ហូឡង់ នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៥៕