(វ៉ាស៊ីនតោន)៖ អ្នកបើកបរយន្ដហោះម្នាក់ បានបង្ខំចិត្តលោតចុះពីលើយន្ដហោះចម្បាំង F-16 ភ្លាមៗ ក្រោយត្រូវភ្លើងឆេះនៅក្នុងអំឡុងពេលហោះហើរ នៅឯអាកាសយានដ្ឋាន Houston's Ellington នៃរដ្ឋTexas នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍ ពីទីបញ្ជាការទ័ពអាកាសអាមេរិក (North American Aerospace Defense Command) ពីឡុតរូបនេះបានលោតចេញពី F-16 ដោយសុវត្ថិភាព ហើយរូបគេត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ រីឯខាងមន្ទីរពេទ្យក៏បានអះអាងដែរថា គាត់ស្ថិតនៅក្នុងស្ថានភាពនឹងនរ។ ដោយឡែក ផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ថា ឧបទ្ទហេតុនេះបានកើតឡើងនៅអំឡុងពេលពីឡុត និងយន្ដហោះ F-16 របស់គាត់បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមួយ មានឈ្មោះថា Noble Eagle air defense program ដែលត្រូវបានចាប់ផ្ដើមធ្វើឡើងរៀងរាល់ឆ្នាំ បន្ទាប់ពីមានការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា នៅសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងពេលហោះហើរបានបន្តិច ស្រាប់តែលឺសូរសំឡេងផ្ទុះឡើង និងមានផ្សែងចេញពីយន្ដហោះទៅវិញ។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យកងកម្លំាងទ័ពអាកាស Texas Air National Guard 147th យន្ដហោះចម្បាំង F-16 នេះមានសារធាតុរំសេវនៅលើនៅពេលជួបគ្រោះថ្នាក់ធ្លាក់ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ដើម្បីបញ្ជាក់ឱ្យច្បាស់ពីមូលហេតុ៕