(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានរកឃើញភស្តុតាងដែលបញ្ជាក់ថា ទីកន្លែងហ្វឹកហ្វឺនមួយចំនួនត្រូវបានបង្កើត និងគ្រប់គ្រងជាសម្ងាត់ដោយក្រុមភេរវករ នៅក្បែរជើងភ្នំ Mayu ក្នុងតំបន់ Buthidaung និង Maungtaw នៃរដ្ឋ Rakhine ភាគខាងលិចប្រទេស។ នេះបើតាមការឲ្យដឹងពីការិយាល័យក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ការិយាល័យក្រុមប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ជនប្រដាប់អាវុធបីនាក់ ត្រូវបានសម្លាប់នៅអំឡុងប្រតិបត្តិការបោសសម្អាត ក្នុងតំបន់ខាងលើដោយកងកម្លាំងសន្តិសុខ ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ហើយជាមួយគ្នានោះ ផ្លូវរូងក្រោមដី អាវុធកែច្នៃ ខ្ទម ស្បៀងអាហារ ឧបករណ៍ប្រើប្រាស់ផ្សេងៗ រួមទាំងសម្ភារៈដទៃជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់ក្នុងទីតាំងហ្វឹកហ្វឺនរបស់ក្រុមភេរវករ ក៏ត្រូវបានរកឃើញ និងរឹបអូសផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងនៅរដ្ឋ Rakhine ភាគខាងលិចមីយ៉ាន់យ៉ា បាននិងកំពុងកើនឡើងយ៉ាងក្តៅគគុក ជាពិសេសបន្ទាប់ពីការវាយប្រហារមួយ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ដោយក្រុមប្រដាប់អាវុធ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនចំនួនបីកន្លែង ដែលបានបណ្តាលឲ្យទាហាន ០៥នាក់ និងប៉ូលិស ០៨នាក់ស្លាប់៕