(ម៉ាឌ្រីត)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា លោកមានការគោរពកោតក្រែង ចំពោះប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទោះបីជារូបលោកទាំងពីរមាន បញ្ហាខ្វែងគំនិតគ្នាខ្លះៗ ទៅលើបញ្ហានៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែនយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយនាថ្ងៃពុធសប្តាហ៍នេះ ជាមួយបណ្តាសារព័ត៌មានអឺរ៉ុប លោក Macron បានថ្លែងថា «ខ្ញុំមានការគោរពចំពោះលោក វ៉្លាឌីមៀ ពូទីន។ ពួកយើងបានធ្វើការដោះប្តូរទស្សនៈរវាងគ្នាទៅវិញទៅមក ហើយពួកយើងទាំងពីរ មានការខ្វែងគំនិតគ្នាពិតប្រាកដមួយចំនួន រួមទាំងបញ្ហានៅអ៊ុយក្រែន និងស៊ីរី ក៏ប៉ុន្តែលោក ពូទីន បានមើលឃើញយ៉ាងច្បាស់ថា អ្វីទៅជាគោលជំហរបស់ខ្ញុំនោះ។ ខ្ញុំបានចំណាយពេលយ៉ាងយូរដើម្បីជជែកពិភាក្សាទល់មុខគ្នាមួយទល់នឹងមួយជាមួយលោក វ៉្លាឌីមៀ ពូទីន អំពីបញ្ហាអន្តរជាតិ រួមទាំងការការពារអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាការការពារសិទ្ធិសេរីនៅក្នុងប្រទេសរបស់លោក ពូទីន... ឥឡូវនេះយើងមានបញ្ហានៅអ៊ុយក្រែន និងស៊ីរីជាមួយ លោក វ៉្លាឌីមៀ ពូទីន»។
គួររំលឹកថា កាលពីខែឧសភាកន្លងទៅនេះ លោក Macron បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅឯវិមាន Versailles ដែលស្ថិតនៅក្បែរទីក្រុងប៉ារីស។ ទោះបីជាពុំមានសមិទ្ធិផលជាផ្លែផ្កាណាមួយ ត្រូវសម្រេចបានក្នុងអំឡុងការជជែកពិភាក្សា រវាងមេដឹកនាំទាំងពីរយ៉ាងណាក្តី លោក ពូទីន និងលោក Macron ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រួមទាំងបញ្ហាអន្តរជាតិដ៏រសើបគឺស្ថានការណ៍នៅអ៊ុយក្រែន និងស៊ីរី។ លោក ពូទីន បានចាត់ទុកកិច្ចពិភាក្សានេះថា ត្រូវបានធ្វើឡើងដោយចំហរ និងស្មោះត្រង់ ខណៈលោក Macron បានគូសបញ្ជាក់ថា បញ្ហាដ៏សំខាន់ៗមិនអាចត្រូវដោះស្រាយបាន ដោយពុំមានការជជែកពិភាក្សាផ្ទាល់មាត់ ជាមួយរុស្ស៊ីឡើយ៕