(កង់បេរ៉ា)៖ កងកម្លាំងការពារអូស្ត្រាលី (ADF) បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងពួក ISIS នៅក្នុងប្រទេសស៊ីរីឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈពេលខ្លី ដោយសារការព្រមានរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ADF បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្អាកត្រូវបានដកចេញ ដែលនេះមានន័យថា ការសម្រេចចិត្តបញ្ឈប់ការធ្វើ ប្រតិបត្តិការគឺគ្រាន់តែធ្វើឡើងបណ្ដោះអាសន្នប៉ុណ្ណោះ... ហើយប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់ ADF នៅអ៊ីរ៉ាក់ នឹងនៅតែជាផ្នែកមួយនៃក្រុមចំរុះដដែល ដើម្បីជួយកងកម្លាំងអ៊ីរ៉ាក់វាយយកទីក្រុងម៉ូស៊ុល ពីពួក ISIS មកវិញ»។
គួររំលឹកថា កាលពីថ្ងៃដើមសប្ដាហ៍នេះកងកម្លាំងទ័ពអកាសអូស្ត្រាលី បានសម្រេចចិត្តផ្អាកការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី បន្ទាប់ពីទីក្រុងម៉ូស្គូព្រមានថា រាល់យន្ដហោះ ចម្បំាងក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលហោះពីលើតំបន់ភាគខាងលិចទន្លេ Euphrates អាចនឹងក្លាយជាគោលដៅបាញ់ទម្លាក់ ហើយដែលការព្រមាននេះទៀតសោត បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរីមួយគ្រឿង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕