(ប៉េកាំង)៖ បន្ទាប់ពីបានធ្វើការហោះហើរជាមួយមន្ទីរពិសោធន៍អវកាស Tiangong-2 អស់រយៈពេលប្រមាណពីរខែកន្លងមក យានអវកាសដឹកជញ្ជូន Tianzhou-1 របស់ប្រទេសចិន នាថ្ងៃពុធសប្តាហ៍នេះ ក៏បានធ្វើការផ្តាច់ខ្លួនចាកចេញពីមន្ទីរពិសោធន៍នោះ ហើយបានឈានចូលដល់ដំណាក់កាលមួយផ្សេងទៀត នៃការបំពេញប្រតិបត្តិការដោយឯករាជ្យតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ដោយត្រូវបានបញ្ជាគ្រប់គ្រងពីក្រុមការងារនៅលើភពផែនដី យានអវកាស Tianzhou ដែលមានន័យក្នុងភាសាចិនថាជា «នាវាឋានសួគ៌» នោះនឹងធ្វើដំណើរលើគន្លងគោចរក្នុងរយៈកម្ពស់ប្រហែល ៣៩០គីឡូម៉ែត្រ ពីលើភពរបស់យើង ដើម្បីអនុវត្តន៍ការពិសោធន៍យ៉ាងសម្បូរបែបជាច្រើន។ នេះជានាវាដំបូងហើយរបស់ចិន ដែលត្រូវបានបង្កើតឡើង និងបាញ់បង្ហោះដោយចិនផ្ទាល់ សម្រាប់ការដឹកទំនិញទៅទីអវកាស។
ម៉្យាងវិញទៀត វាក៏នឹងបញ្ចេញកូនផ្កាយរណបខ្នាតតូចមួយគ្រឿងមានឈ្មោះថា CubeSat ផងដែរ រួមទាំងធ្វើការតភ្ជាប់ដោយស្វ័យប្រវត្តិមួយជាមួយ Tiangong-2 ដើម្បីបញ្ចូលប្រេងឥន្ទនៈជាលើកទីបី ទៅឲ្យមន្ទីរពិសោធន៍អវកាសនោះ។ ចិនកំពុងតែបំពេញមហិច្ឆតាដ៏ធំមួយ នោះគឺការបង្កើតស្ថានីយ៍អវកាសដោយខ្លួនឯង ដើម្បីប្រកួតប្រជែងនឹងស្ថានីយ៍អវកាសអន្តរជាតិ ដែលមានតែមួយគត់លើលោកបច្ចុប្បន្ន៕