(ប៉េកាំង)៖ ជំនួបដ៏កម្រមួយរវាងមន្ត្រីយោធាជាន់ខ្ពស់ចិន និងវៀតណាម ត្រូវបានលុបចោលភ្លាមៗ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ហើយដែលការសម្រេចចិត្តបែបនេះ ធ្វើឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបំពេញណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ ដើម្បីស្វែងរកការគាំទ្រពីប្រទេសទាំងពីរ លើសំណុំរឿងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការពារជាតិចិនបាននិយាយថា កិច្ចប្រជុំការងាររវាងមន្ត្រីយោធាជាន់ខ្ពស់ប្រទេសទាំងពីរ ត្រូវបានលុបចោល ក៏ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួនយល់ថា ក្រុមមន្ត្រីចិនលុបចោលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងហាណូយ ដោយសារតែភាពចម្រូងចម្រាស និងការខ្វែងគំនិតគ្នានៅក្នុងជំនួបបិទ ទ្វារមួយស្ដីពីជម្លោះតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯអ្នកជំនាញខ្លះទៀត ជឿជាក់ថា ការលុបចោលជំនួបប្រជុំនេះ គឺអាចមកពីបញ្ហាដែលកើតឡើងនៅក្នុងអំឡុងទស្សនកិច្ច នៅវៀតណាមរបស់ឧត្ដមសេនីយ៍ចិន លោក Fan Changlong នៅក្នុងសប្ដាហ៍នេះ ដោយលោកបានបង្ហាញពីការខឹងសម្បារចំពោះទីក្រុងហាណូយ សម្រាប់ការពង្រឹងទំនាក់ទំនង កក់ក្ដៅជាមួយជប៉ុន និងសហរដ្ឋអាមេរិក ដែលបាននិងកំពុងត្រៀមខ្លួនលូកដៃក្នុងជម្លោះសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ បើសិនជាទីក្រុងហាណូយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី សហរដ្ឋអាមេរិក និងជប៉ុន នោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងកាន់តែខ្លាំងឡើង ដែលទីក្រុងប៉េកាំងទាមទារគ្រប់គ្រងស្ទើរតែទំាងស្រុងនោះ៕