(វ៉ាស៊ីនតោន)៖ ភាពមិនប្រក្រតីនៃសកម្មភាពរបស់កូរ៉េខាងជើង នៅឯទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដី អាចមានន័យថា ទីក្រុងព្យុងយ៉ាងនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី០៦ នៅក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Jerusalem Online ទីក្រុងវ៉ាស៊ីតោន កំពុងមានការព្រួយបារម្ភជាខ្លាំងដោយខ្លាចក្រែងថា កូរ៉េខាងជើងអាចបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្រោយពេលដែលមន្ត្រីជាន់ខ្ពស់ចិន ជួបប្រជុំជាមួយមន្រ្តីអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអរគុណចិនដែលបានចូលរួមចំណែកដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ប៉ុន្តែលោក ត្រាំ ក៏កត់សម្គាល់ដែរថា ការចូលរួមនេះមិនមានប្រសិទ្ធភាព ឬធ្វើឡើងឱ្យពេញដៃពេញជើងនោះទេ។ ដោយឡែក ជុំវិញការព្រួយបារម្ភចំពោះការធ្វើអាវុធនុយក្លេអ៊ែរនេះដែរ លោក ត្រាំ ផ្ទាល់ធ្លាប់បានព្រមានជាច្រើនដងថា គោលនយោបាយអត់ធ្មត់បានដើរដល់ទីបញ្ចប់ ហើយថាជម្រើសជាច្រើនរួមទាំងការប្រើប្រាស់កម្លាំងយោធាបានត្រៀមរួចជាស្រេច ដើម្បីដោះស្រាយជាមួយរបបដឹកនាំទីក្រុងព្យុងយ៉ាង។
តែនៅទីបំផុតរដ្ឋបាលអាមេរិក នៅតែប្រើជម្រើសដាក់សម្ពាធលើចិន ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទប់ស្កាត់សកម្មភាពបង្ករឿង ពីសំណាក់កូរ៉េខាងជើងដដែល ខណៈ ក្រុមមន្ត្រីយោធាអាមេរិកជាច្រើននាក់បានព្យាករណ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីលឆ្លងទ្វីប ICBM ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៧នេះ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញអាមេរិក កូរ៉េខាងជើងបានអភិវឌ្ឍន៍ប្រព័ន្ធ GPS និងកំាភ្លើងធំ ៣០០មីលីម៉ែត្រ ដែលអាចមានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ក្នុងពេលតែមួយ និងអាចកម្ទេចគោលដៅសត្រូវនៅចំងាយ ២០០គីឡូម៉ែត្រ៕