(ម៉ាឌ្រីត)៖ ប៉ូលិសអេស្ប៉ាញបានចាប់ខ្លួនជនសង្ស័យជាពួកជីហាដ ឬដែលអាជ្ញាធរអះអាងថា ពួកគេអាចមានសម្ព័ន្ធជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ISIS សរុបបីនាក់ ក្នុងនោះមានម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងម៉ាឌ្រីតតែម្តង ដែលវាពិតជារឿងដ៏គ្រោះថ្នាក់ខ្លាំងណាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
សម្រាប់ជនសង្ស័យម្នាក់ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុម ISIS នោះមានអាយុ ៣២ឆ្នាំ ឈ្មោះ Moroccan ហើយវាបុរសរូបនេះ គឺជាជនដែលគ្រោងធ្វើប្រតិបត្តិការតែឯង។ នេះបើតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃអេស្ប៉ាញ ហើយប៉ូលិសថែមទាំងបានស៊ើបដឹងទៀតថា Moroccan ពិតជាមានប្រវត្តិមិនសូវខុសគ្នាទៅនឹងក្រុមភេរវករ ដែលកាលពីពេលថ្មីៗនេះបានរៀបចំការវាយប្រហារ នៅចក្រភពអង់គ្លេស និងបារាំងប៉ុន្មាននោះទេ ដោយវាពិតជាការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់អេស្ប៉ាញ។
សម្រាប់មនុស្សពីរនាក់ផ្សេងទៀត ដែលជាជនសង្ស័យត្រូវបានចាប់ខ្លួនដែរនោះ មានអាយុ ៣៣ឆ្នាំ និង ៣៨ឆ្នាំ ហើយពួកគេមានបណ្តាញទាក់ទងជាមួយជនសង្ស័យទី១ ដើម្បីចូលរួមជាមួយ ISIS។ ប៉ូលិសអេស្ប៉ាញបានរកឃើញសៀវភៅសរសេរនៃជនទាំងនេះ ដោយក្នុងនោះមានសរសេរអំពីរបៀបរៀបចំខ្លួន ដើម្បីក្លាយជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញបានចេញសេចក្តីប្រកាសឲ្យប្រយ័ត្នប្រយែងខ្ពស់ចំពោះអំពើភេរវកម្មដល់កម្រិតទី០៤ (ខ្ពស់) បន្ទាប់ពីកើតមានការវាយប្រហារនៅ ទុយនីស៊ី បារាំង និងសូម៉ាលី៕