(ញូដេលី)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតបានអះអាងថា ខ្លួននឹងផ្អាកការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ បើសិនជាសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែការអំពាវនាវនេះ ទំនងជាមិនអាចកើតឡើងនោះទេ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកវិធានការច្របាច់កទីក្រុងព្យុងយ៉ាងបន្ថែម ក្រោយនិស្សិតអាមេរិកមា្នក់ ដែលត្រូវរបបដឹកនាំលោក គីម ជុងអ៊ុន ដោះលែងឱ្យមានសេរីភាពបានស្លាប់កាលពីថ្ងៃអង្គារ។ នេះបើតាមសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
ជុំវិញការលើកឡើងនេះដែរ ថ្លែងពីទីក្រុងញូដេលី អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំងប្រទេសឥណ្ឌា លោក Kye Chun Yong បានគូសបញ្ជាក់ដូច្នេះថា «យើងអាចនឹងផ្អាកការធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែររបស់យើង ក្រោមលក្ខខណ្ឌមួយជាក់លាក់... ហើយបើសិនជាសហរដ្ឋអាមេរិក បញ្ឈប់ទាំងស្រុង ឬផ្អាកការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង នោះយើងក៏នឹងធ្វើដូចគ្នានេះដែរ... ឬក៏យើងអាចនឹងទទួលយកកិច្ចចរចា លើប្រធានបទផ្អាកការធ្វើតេស្ដរាល់អាវុធទាំងអស់ទៀតផង»។
គួរបញ្ជាក់ថា សម្រាប់កូរ៉េខាងជើង ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាសកម្មភាពត្រៀមឈ្លានពានចូលទីក្រុងព្យុងយ៉ាង ដូច្នេះហើយទើបរបបដឹកនាំ លោក គីម ជុងអ៊ុន តែងតែយកលែសនេះបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ ដោយគ្មានកោតក្រែងទណ្ឌកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខយូអិន។ បន្ថែមពីនេះអ្វីដែលអាមេរិកត្រូវការ គឺកូរ៉េខាងជើងលះបង់ចោលនុយក្លេអ៊ែរ មិនមែនត្រឹមផ្អាកការបាញ់មីស៊ីលអ្វីនោះទេ។
ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន បើទោះជាទីក្រុងវ៉ាស៊ីនតោនយល់ព្រមបញ្ឈប់ការធ្វើសមយុទ្ធយោធា ក៏កូរ៉េខាងជើង នឹងមិនបោះបង់ចោលការធ្វើតេស្ដអាវុធរបស់ខ្លួនដែរ ត្បិតពួកគេបានដើរឆ្ងាយសឹងតែមិនអាច ត្រឡប់ក្រោយទៅហើយ ពោលគឺថា បើតាមក្រុមអ្នកជំនាញទីក្រុងព្យុងយ៉ាង អាចនឹងផលិតបានមីស៊ីលផ្លោងឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់ទ្វីបអាមេរិកយ៉ាងយូរ នៅក្នុងឆ្នាំ២០២០ ហើយដែលនេះគឺជាសេចក្ដីត្រូវការផ្ទាល់របស់ លោក គីម ជុងអ៊ុន៕