(វ៉ាស៊ីនតោន)៖ ភ្នាក់ងារស៊ើបការណ៍សហព័ន្ធ ដែលកំពុងតាមដានទៅលើលោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិដែលត្រូវបានគេបណ្តេញចេញពីដំណែង បច្ចុប្បន្នក៏កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីរបស់លោក Bijan Kian ដែលអតីតជាដៃគូពាណិជ្ចកម្មរបស់លោក Flynn ផងដែរ នេះបើយោងតាមការ លើកឡើងរបស់ប្រភពសាក្សីម្នាក់ក្នុងបទសម្ភាសន៍ដែលធ្វើឡើងដោយភ្នាក់ងារ FBI ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។
ភ្នាក់ងារស៊ើបអង្កេតកំពុងធ្វើការត្រួតពិនិត្យថា ការចំណាយរបស់អតិថិជនបរទេសទៅលើលោក Flynn និងក្រុមហ៊ុនមានលក្ខណៈស្របច្បាប់ឬទេ នេះបើយោង តាមប្រភពព័ត៌មានពីរផ្សេងគ្នា ដែលដឹងច្បាស់អំពីការងារស៊ើបអង្កេតទៅលើសកម្មភាពពាណិជ្ចកម្មរបស់លោក Flynn។ ការស៊ើបអង្កេតនេះ នឹងត្រូវបានផ្តោត ទៅលើក្រុមហ៊ុនដែលប្រតិបត្តិការក្នុងប្រទេសរុស្ស៊ីចំនួនបី ព្រមទាំងក្រុមហ៊ុន Ivovo ដែលមានមូលដ្ឋាននៅប្រទេស ហូឡង់ ក្រោមការគ្រប់គ្រងដោយ ពាណិជ្ជករជនជាតិតួកគី លោក Ekim Alptekin។
ការផ្តោតការយកចិត្តទុកដាក់របស់ភ្នាក់ងារ FBI ទៅលើលោក Kian មិនធ្លាប់ត្រូវបានបង្ហាញសេចក្តីរាយការណ៍ឡើយ ក្នុងពេលកន្លងមក។ លោក Kian បានដើរតួនាទីស្នូលក្នុងការរក្សាសុវត្ថិភាព និងលើការខុសត្រូវទៅលើកិច្ចសន្យារបស់ក្រុមហ៊ុន Inovo នេះបើយោងតាមប្រភពពីមនុស្សពីរនាក់ ដែលស្និតនឹងគម្រោងនេះ។
រហូតមកទល់ពេលនេះ យើងមិនទាន់ដឹងច្បាស់ទេថាតើលោក Kian ជាគោលដៅនៃការស៊ើបអង្កេតករណីបទឧក្រិដ្ឋ ឬតើគ្រាន់តែជាមូលដ្ឋាននៃប្រភពព័ត៌មាន ដើម្បីឈានទៅស្រាវជ្រាវថាតើក្រុមហ៊ុនរបស់លោក Flynn មានប្រតិបត្តិការដូចម្តេច។ បុគ្គលម្នាក់ បច្ចុប្បន្នស្ថិតក្រោមការសួរចម្លើយពីសំណាក់ភ្នាក់ងារ FBI មានទំនាក់ទំនងក្នុងការងារស៊ើបអង្កេតទៅលើលោក Flynn បានលើកឡើងថា ភ្នាក់ងារនេះបានសួរសំណួរជាច្រើនអំពីលោក Kian និងការងាររបស់លោក ពាក់ព័ន្ធនឹងគម្រោងជាមួយលោក Alpekin។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Kian ឬមេធាវីរបស់លោក ឈ្មោះ Robert Trout មិនលើកឡើងអំពីអ្វីទាំងអស់។ ចំណែកភ្នាក់ងារ FBI ក៏បានបដិសេធ មិនបញ្ចេញយោបល់អ្វីទាំងអស់ដូចគ្នា។ ចំណែកលោក Alptekin ដៃគូពាណិជ្ចកម្មរបស់លោក Flynnបានលើកឡើងថា លោកពិតជាពេញចិត្តចំពោះការងារ ដែលសម្រេចឡើងដោយក្រុមហ៊ុន Flynn Intel Group ជាខ្លាំងព្រមទាំងបានបដិសេធថា មិនបានធ្វើរឿងអ្វីដែលខុសច្បាប់ឡើយ។
ភ្នាក់ងារ FBI បានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុនរបស់លោក Flynn ថាតើ ក្រុមហ៊ុននេះ ពិតជាមានធ្វើការជំនួសមុខឱ្យរដ្ឋាភិបាលតួកគីដែរឬទេ បន្ទាប់ពី ក្រុមហ៊ុននេះទទួលបានប្រាក់៥៣០ពាន់ដុល្លារពីក្រុមហ៊ុន Inovo ដោយមិនបានបង្ហាញជាសាធារណៈ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន Reuters ចេញផ្សាយនៅដើមខែមិថុនានេះ។
បច្ចុប្បន្នភ្នាក់ងារស៊ើបអង្កេតកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Robert Mueller។ លោក Mueller មានតួនាទីក្នុងការស៊ើបអង្កេតទំនាក់ទំនងរវាងប្រទេស រុស្ស៊ី និងលោកTrump ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ និងបញ្ហាទាក់ទងផ្សេងៗ។ សូមជម្រាបថា លោក Flynn ត្រូវបានប្រធានាធិបតីអាមេរិកលោក Donald Trump បណ្តេញចេញពីដំណែងកាលពីខែកុម្ភៈ កន្លងទៅនេះ បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិកលើកឡើងថា បានភ្ជាប់ទំនាក់ទំនងជាមួយអគ្គរដ្ឋទូតរុស្ស៊ីកាលពីខែធ្នូកន្លងទៅនេះ។
លោក Elijah Cummings បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ក្នុងសារអេឡិចត្រូនិចថា «ខ្ញុំបានចាប់អារម្មណ៍ទៅលើលោក Bijan Kian ព្រមទាំងទំនាក់ទំនងរបស់លោកជាមួយនឹងលោកឧត្តមសេនីយ៍ Flynn ដោយផ្អែកទៅលើឯកសារច្បាស់លាស់ដែលមានស្រាប់។ ក្នុងកិច្ចសន្ទនា ជាលក្ខណៈឯកជនជាមួយនឹងអតិថិជនជាន់ខ្ពស់ លោក Kian បានចាត់ទុកខ្លួនឯងជាអ្នកធ្វើភ្លៀងធ្វើផ្គររបស់លោក Flynn ចាប់យកឱកាសដោយ ហ្វឹកហាត់រយៈពេលប្រាំឆ្នាំ ដើម្បីក្លាយជាប្រធាននៃធនាគារនាំចេញនាំចូលនៅសហរដ្ឋអាមេរិក នេះបើយោងតាមការលើកឡើង របស់មនុស្សម្នាក់ដែលធ្វើការជាមួយលោកក្នុងក្រុមហ៊ុន។
លោក Alptekin បានប្រាប់សារព័ត៌មាន Reuters ថា កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុនរបស់លោក បានជួលក្រុមហ៊ុន Flynn Intel Group ដើម្បីស្រាវជ្រាវទៅលើសកម្មភាពអ្នកបួសជនជាតិមូស្លីមម្នាក់ ឈ្មោះថា Fethullah Gulen នៅសហរដ្ឋអាមេរិក ដែលលោកសង្ស័យថា ជាមនុស្សបង្កការបំពុលទំនាក់ទំនងរវាងអាមេរិក និងតួកគី និងជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារក្នុងប្រទេសតួកគី។
ក្រុមហ៊ុន Inovo បានចំណាយប្រាក់ដល់ក្រុមហ៊ុន Flynn Intel Group ចំនួន៥៣០ពាន់ដុល្លារ ចាប់តាំងពីខែកញ្ញា ឆ្នាំមុននេះបើយោងតាមការលើក ឡើងរបស់នាយកដ្ឋានយុត្តិធម៌។ ហើយក្រុមហ៊ុន Flynn Intel Group នេះបានចំណាយប្រាក់៨០ពាន់ដុល្លារទៅក្រុមហ៊ុន Inovo វិញនេះបើយោងតាមប្រភពមួយដែលមិនបានផ្តល់ព័ត៌មានលម្អិតថាតើហេតុអ្វីបាន មានការចំណាយប្រាក់ដល់គ្នាទៅវិញទៅមកបែបនេះ។
ក្នុងថ្ងៃទី១៩ ខែកញ្ញាកន្លងទៅនេះ លោក Kian និងលោក Flynn បានជួបគ្នាក្នុងទីក្រុងញ៉ូវយក ជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីថាមពលតួកគី ដែលជាកូនប្រសារប្រុសរបស់លោក Erdogan។
ចំណែកនៅចុងខែតុលា លោក Kian បានអញ្ជើញបុគ្គលិកពីគណកម្មាធិការសន្តិសុខជាតិទៅការិយាល័យរបស់Flynn Intel Group ក្នុងរដ្ឋVirginia។ ក្នុងកិច្ចប្រជុំនេះ មានការបង្ហាញពីបច្ចេកវិទ្យារក្សាប្រព័ន្ធសន្តិសុខបែបថ្មីរបស់ស្មាតហ្វូន ប៉ុន្តែលោក Kian ក៏បានប្រើប្រាស់ឱកាសនេះដើម្បីសួរពាក់ព័ន្ធនឹងលោក Gulen។ ក្នុងពេលនោះក្រុមហ៊ុន Flynn Intel Group បានត្រឹមតែបង្ហើបឱ្យដឹងថាខ្លួនធ្វើការសម្រាប់តែក្រុមហ៊ុន Alptekin ប៉ុណ្ណោះ មិនបានបង្ហាញពីទំនាក់ទំនងនៃក្រុមហ៊ុន Inovo មានទំនាក់ទំនងជាមួយប្រទេស តួកគីនោះទេ៕