(ឡុងដ៍)៖ ចក្រភពអង់គ្លេសកំពុងតែទទួលរងអាកាសកម្តៅបំផុតជាលើកដំបូង នៅក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ ជាមួយស៊ីតុណ្ហភាពបានកើនឡើងដល់៣៣.៩អង្សាសេ នៅតាមតំបន់ជុំវិញអាកាសយានដ្ឋាន Heathrow ភាគខាងលិចទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC News នៅយប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
ការវាស់ស្ទង់សីតុណ្ហភាពរបស់ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុនិងឧតុនិយម របស់ចក្រភពអង់គ្លេស នៅឯអាកាសយានដ្ឋាន Heathrow បានធ្វើឲ្យវាគឺជា ថ្ងៃនៃមិថុនាដ៏កម្តៅបំផុតនារដូវក្តៅក្នុងឆ្នាំ២០១៧នេះ គិតចាប់តាំងពីឆ្នាំ១៩៧៦មក ដោយកាលនោះស៊ីតុណ្ហភាពខ្ពស់បំផុតប្រចាំខែមិថុនា ដែលជាខែក្តៅជាងគេប្រចាំឆ្នាំ គឺ៣៥.៦អង្សាសេ នៅទីក្រុង Southampton ភាគខាងជើងចក្រភពអង់គ្លេស។
សូមជំរាបថា គិតត្រឹមពេលនេះ ថ្ងៃពុធ ទី២១ ខែមិថុនានេះ ក៏ជាថ្ងៃដែលក្តៅជាងគេប្រចាំឆ្នាំ២០១៧នេះផងដែរ ហើយវាក៏ជាលើកទីមួយ ដែលស៊ីតុណ្ហភាពបានកើនឡើងខ្ពស់លើសពី៣០អង្សាសេក្នុងរយៈពេល០៥ថ្ងៃជាប់គ្នា នៅក្នុងខែមិថុនានេះ គិតចាប់តាំងពីឆ្នាំ១៩៩៥មក សម្រាប់អង់គ្លេសថែមទៀតផង៕