(បរទេស)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ត្រូវគេធ្វើសេចក្តីរាយការណ៍ថា កាលពីជិតពីរសប្តាហ៍មុន ព្រះអង្គត្រូវបានកូនក្មេងបរទេសពីរនាក់ យកកាំភ្លើងដាក់គ្រាប់ជ័របាញ់ចំព្រះកាយ ក្នុងអំឡុងពេលយាងជិះកង់ធ្វើដំណើរនាពេលរាត្រីជ្រៅ នៅប្រទេសអាល្លឺម៉ង់។ នេះបើតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរបស់អាល្លឺម៉ង់ ដកស្រង់ដោយសារព័ត៌មាន Sea Globe នៅយប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មានអាល្លឺម៉ង់ Bild Zeitung បានចុះផ្សាយថា ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលជាព្រះរាជាមានទ្រព្យសម្បត្តិដ៏ច្រើនស្តុកស្តម្ភជាងគេមួយអង្គ នៅលើពិភពលោកនោះ ត្រូវបានក្មេងប្រុសចំនួនពីរនាក់ បាញ់កាំភ្លើងជ័រចំពីក្រោយទ្រង់ នៅក្នុងរដ្ឋ Bavaria នៃអាល្លឺម៉ង់។ ក្មេងប្រុសបរទេសទាំងពីររូបនោះមានម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៤ឆ្នាំ បានយកកាំភ្លៀងផ្ទុកគ្រាប់ជ័រ បាញ់ទៅលើព្រះមហាក្សត្រថៃ នាវេលាម៉ោងប្រមាណជា១០៖៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនានេះ។ ម៉្យាងវិញទៀត ហេតុការណ៍នោះបានកើតឡើងគាប់ជួនជាមួយទិវានៃការជិះកង់អាក្រាតកាយអន្តរជាតិថែមទៀត ក៏ប៉ុន្តែពុំមាននរណា បានដឹងច្បាស់ឡើយថា តើព្រះអង្គ វិច្ឆិរ៉ាឡុងកន បានស្ថិតក្នុងសម្លៀកបំពាក់បែបណានៅពេលកើតហេតុនោះ។
ដោយឡែកសារព័ត៌មានអាល្លឺម៉ង់មួយផ្សេងទៀតឈ្មោះ Der Spiegel បានឲ្យដឹងថា ក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់ បានជឿថាគ្រាប់កាំភ្លើងជ័រទាំងនោះ ពុំបានបាញ់ចំត្រូវព្រះកាយរបស់ព្រះមហាក្សត្រថៃឡើយ ហើយបន្ទាប់ពីកងអង្គរក្សរបស់ទ្រង់ បានផ្តល់ដំណឹងទៅកាន់អាជ្ញាធរ ភ្លាមប៉ូលិសក៏បានរកឃើញ ក្មេងប្រុសវ័យជំទង់ទាំងពីររូបនោះ កំពុងពួនសម្ងំនៅក្នុងគុម្ពព្រៃ ក្បែរកន្លែងកើតហេតុ។ យ៉ាងណាមិញយោងតាមសារព័ត៌មាន Bild Zeitung អ្នកនាំពាក្យ របស់នាយកដ្ឋានប៉ូលិសក្នុងតំបន់ ដែលទទួលបន្ទុកស៊ើបអង្កេតលើករណីនេះ បានឲ្យដឹងថា ពួកគេបានរកឃើញគ្រាប់ជ័រមួយចំនួននិងបានបញ្ជាក់ថា ពួកវាត្រូវបានបាញ់ចេញពីកាំភ្លើងខ្យល់សម្រាប់ក្មេងលេងមួយ។
ជាមួយគ្នានោះ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញានៅក្រុង Landshut លោក Thomas Rauscher បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press (AP) ថា «ខណៈព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានសម្រេចព្រះទ័យមិនដាក់ពាក្យបណ្តឹងអ្វីទាំងអស់នោះ សំណុំរឿងនេះនៅតែត្រូវបានបញ្ចូនទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃក្រុង Landshut ដដែល ជាទីដែលក្មេងប្រុសវ័យ១៤ឆ្នាំ អាចប្រឈមនឹងការចោទប្រកាន់ពីបទប៉ុនប៉ងបង្ករបួសស្នាមលើអ្នកដទៃ រីឯម្នាក់ទៀតដែលមានអាយុ១៣ឆ្នាំ គឺស្ថិតនៅក្នុងវ័យក្មេងខ្ចីពេក មិនទាន់អាចត្រូវចោទប្រកាន់ទោសបានឡើយ»។ ម៉្យាងវិញទៀតគោលបំណងនៅពីក្រោយសកម្មភាព របស់ក្មេងប្រុសបង្កទាំងពីរ រួមនិងសំណួរថា តើពួកគេទាំងពីរ បានដឹងពីអត្តសញ្ញាណរបស់ព្រះអង្គ មហា វិច្ឆិរ៉ាឡុងកន ដែរឬយ៉ាងណានោះ នៅមិនទាន់ត្រូវ បានបកស្រាយនៅឡើយទេ។
សូមជំរាបដែរថា អ្នកតំណាងរបស់ព្រះរាជាថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលតែងតែបានចំណាយពេលវេលាជាច្រើនរបស់ទ្រង់ នៅក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ រហូតដល់ថ្នាក់បានធ្វើឲ្យអ្នករិះគន់ខ្លះនិយាយឌឺដងថា វាគឺជារាជធានីថ្មីរបស់ប្រទេសថៃនោះ មិនទាន់បានចេញមុខផ្តល់ការអត្ថាធិប្បាយ ណាមួយជុំវិញហេតុការណ៍ ឬសេចក្តីរាយការណ៍ព័ត៌មាននេះនៅឡើយទេ៕