(ម៉ានីល)៖ យោធាហ្វីលីពីនបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលបានចូលលុកលុយនិងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង នៅក្នុងសាលារៀនមួយកន្លែង នៅភាគខាងត្បូងប្រទេស នាថ្ងៃពុធនេះ នៅទីបំផុត បានភៀសខ្លួនចាកចេញពីទីនោះហើយ និងបានបន្សល់ទុកចំណាប់ខ្មាំងទាំងអស់សរុបចំនួន៣១នាក់ រួមមានទាំងកុមារ១២នាក់ផងដែរ ឲ្យមានសុវត្ថិភាពវិញ ដោយពុំមាននរណាម្នាក់បានទទួលរងគ្រោះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យកងទ័ពហ្វីលីពីនលោកឧត្តមសេនីយ៍ត្រី Restituto Padilla បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកក្រុមឧទ្ទាមបានធ្វើការដកថយយ៉ាងប្រញាប់ប្រញាល់ ដោយបានបន្សល់ទុកចំណាប់ខ្មាំងចំនួន៣១នាក់ ហើយនៅក្នុងចំណោមពួកគេទាំងនោះ មាន១២នាក់ជាកុមារ ហើយប្រជាជនស៊ីវិល២០នាក់ផ្សេងទៀត ដែលនៅជាប់ក្នុងតំបន់កើតហេតុ ដោយសារតែការផ្ទុះអាវុធរវាងកងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធ ក៏ត្រូវបានជួយសង្រ្គោះផងដែរ។ លោក Padilla បានឲ្យដឹងទៀតថា បណ្តាថ្នាក់ដឹកនាំសហគមន៍នៅក្នុងតំបន់ ត្រូវបានកោះហៅឲ្យមកជួយសម្របសម្រួល ដល់ដំណើរការនៃកិច្ចចរចាដើម្បីជួយសង្រ្គោះចំណាប់ខ្មាំង។
កាលពីដំបូងឡើយ ប៉ូលិសហ្វីលីពីន បានអះអាងថាថា ជនប្រដាប់អាវុធមានគ្នាប្រហែលដល់ទៅ៣០០នាក់ ដែលក្រោយមក លោក Padilla បានបញ្ជាក់វិញថា មានជនសកម្មប្រយុទ្ធតែ៥០ប៉ុណ្ណោះ បានពាក់ព័ន្ធក្នុងករណីនេះ មកពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាម BIFF ដែលរដ្ឋាភិបាលហ្វីលីពីនហៅថា ជាពួកភេរវករបណ្តាញរបស់ ISIS នៅភាគខាងត្បូងប្រទេស បានធ្វើការចូលលុកលុយសាលារៀនមួយកន្លែង និងចាប់មនុស្សជាច្រើននាក់ ធ្វើជាចំណាប់ខ្មាំង នៅក្នុងទីក្រុង Pigcawayan នៃលើកោះមីនដាណាវ ដែលស្ថិតនៅចម្ងាយប្រមាណ១៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Marawi ជាទីដែលការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធគាំទ្រ ISIS បានបន្តឈានដល់សប្តាហ៍ទី០៥ហើយនោះ៕