(សេអ៊ូល)៖ សារព័ត៌មានមួយ ដែលមានទំនោរគាំទ្រកូរ៉េខាងជើងនៅក្នុងប្រទេសជប៉ុន នាថ្ងៃពុធនេះ បានធ្វើសេចក្តីរាយការណ៍ថ្កោលទោស ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដោយសារតែរូបលោក បានលើកឡើងថា ទីក្រុងសេអ៊ូលស្វាគមន៍ជានិច្ច ក្នុងការបើកកិច្ចចរចាដោយគ្មានលក្ខខណ្ឌជាមួយប្រទេសកូរ៉េខាងជើង ប្រសិនបើសិនជាទីក្រុងព្យុងយ៉ាង សុខចិត្តបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួនតទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
កាសែតមានឈ្មោះថា The Chosun Sinbo បានហៅលោក មូន ថាជាអ្នកនាំពាក្យម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបានអះអាងថា ប្រទេសកូរ៉េខាងត្បូង បានចូលរួមក្នុងគោលនយោបាយឈ្លានពានរបស់ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងប្រើប្រាស់ទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង។ សារព័ត៌មានដដែលបានបន្ថែមថា បញ្ហាស្តីពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដែលត្រូវពិភាក្សា រវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយកូរ៉េខាងត្បូងគ្មានសិទ្ធិជជែកពាក់ព័ន្ធ ជុំវិញរឿងនេះឡើយ។
សារព័ត៌មានខាងលើបានបន្តថា «លោក មូន មិនគួរស្ទាក់ស្ទើរក្នុងបដិសេធ ចំពោះចំណាត់ការរបស់អាមេរិក ក្នុងការទប់ស្កាត់ និងកៀបសង្កត់ទៅលើកូរ៉េខាងជើង តាមរយៈការដាក់សម្ពាធ និងទណ្ឌកម្មនានានោះឡើយ» និងបានក្រើនរំលឹកទៀតថា លោកប្រធានាធិបតីកូរ៉េខាងត្បូង គួរតែត្រៀមខ្លួនទទូចឲ្យ លោក ដូណាល់ ត្រាំ បញ្ចប់សកម្មភាពបង្កហេតុប្រឆាំងនឹងកូរ៉េខាងជើង នៅក្នុងអំឡុងកិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនាចុងសប្តាហ៍ក្រោយនេះវិញទៅ។
គួរបញ្ជាក់ថា The Chosun Sinbo ពុំមែនជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនោះទេ ក៏ប៉ុន្តែស្ថាប័ននេះបានដើរតួជាសារព័ត៌មានមិនផ្លូវការមួយឲ្យព្យុងយ៉ាង ខណៈទីភ្នាក់ងាររដ្ឋរបស់កូរ៉េខាងជើងដូចជា Rodong Sinmun និងជាពិសេសនោះគឺ KCNA មិនទាន់បានបង្ហាញប្រតិកម្មណាមួយនៅឡើយទេ ចំពោះការថ្លែងសុន្ទរកថារបស់ លោក មូន នាសប្តាហ៍មុន ពាក់ព័ន្ធនឹងការចរចាគ្នាជាមួយកូរ៉េខាងជើង ដែលបានធ្វើឡើងនៅក្នុងឱកាសគម្រប់ខួប១៧ឆ្នាំ នៃកិច្ចប្រជុំអន្តរកូរ៉េ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០០៕