(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក បានអំពាវឲ្យគាំទ្រនូវគោលនយោបាយមួយចំនួន របស់ទីក្រុងវ៉ាស៊ីនតោន ដែលធានាថា នឹងមានការផ្លាស់ប្តូរដោយសន្តិភាព នៅក្នុងសាធារណៈរដ្ឋអ៊ីរ៉ង់ ហើយជុំវិញរឿងនេះ ទីក្រុងតេហេរ៉ង់ ក៏បានផ្ញើលិខិតសំដែងការតវ៉ាជាផ្លូវការមួយ ទៅកាន់អង្គការសហប្រជាជាតិហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេស នៃព្រឹទ្ធសភាកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ការគាំទ្រចំពោះកិច្ចប្រឹងប្រែង នៃការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Tillerson បាននិយាយយ៉ាងដូច្នេះថា «គោលនយោបាយរបស់យើងសម្រាប់ប្រទេសអ៊ីរ៉ង់ គឺកាត់បន្ថយឥទ្ធិពលនៃរបបដឹកនាំសព្វថ្ងៃនេះ, ទប់សមត្ថភាពរបស់ពួកគេ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ, និងផ្តល់ការគាំទ្រដល់កិច្ចប្រឹងប្រែងទាំងឡាយ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនឹងនាំទៅរកការផ្លាស់ប្តូរមួយប្រកបដោយសន្តិភាព នៃរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បច្ចុប្បន្ន»។
ការលើកឡើងរបស់ លោក Rex Tillerson បានបង្កឲ្យមានការរិះគន់មិនពេញចិត្ត និងការថ្កោលទោសធ្ងន់ៗ ពីសំណាក់ប្រទេសអ៊ីរ៉ង់ ដោយនាពេលថ្មីៗនេះក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅអគ្គរដ្ឋទូតស្តីទីនៃស្ថានទូតប្រទេសស្វីស ប្រចាំនៅទីក្រុងតេហេរ៉ង់ ដើម្បីសម្តែងការប្រឆាំងជំទាស់ចំពោះគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោនពីព្រោះថា ស្ថានទូតស្វីស គឺជាអ្នកតំណាងឲ្យផលប្រយោជន៍របស់អាមេរិក នៅក្នុងសាធារណរដ្ឋអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ កាលពីខែមេសា ឆ្នាំ១៩៨០។
ម៉្យាងវិញទៀតនាដើមសប្តាហ៍នេះ បេសកជនអចិន្រ្តៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក៏បានពាំនាំយកលិខិតប្រឆាំងជំទាស់មួយ ជូនទៅកាន់អគ្គលេខាធិការ UN លោក Antonio Guterres និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផងដែរ ដោយចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន អំពីការបង្កើតគម្រោងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោយឥតអៀនខ្មាស៕