(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងឆ័ត្រយោងមកពីបណ្តាអង្គភាពជាច្រើនទូទាំងប្រទេស នឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នាខែកក្កដាខាងមុខនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំទីពីរប្រចាំឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅដើមខែកក្កដាខាងមុខនេះ សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលនឹងមានការចូលរួមពីសំណាក់កងទ័ពឆ័ត្រយោង មកពីបណ្តាអង្គភាពជាច្រើន ក្នុងពេលព្រមៗគ្នានោះ នឹងប្រព្រឹត្តទៅនៅលើទីធ្លាហ្វឹកហ្វឺនមួយ របស់បញ្ជាការយោធាភាគលិចនៃប្រទេសរុស្ស៊ី ហើយបើគិតពីទំហំវិញ សមយុទ្ធនេះនឹងមានទ្រង់ទ្រាយធំលេខពីរ ប្រចាំឆ្នាំ២០១៧នេះ»។
គួរបញ្ជាក់ថា ការប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់រុស្ស៊ីពេលនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន អំពីអង្គការណាតូដែលមានសហរដ្ឋអាមេរិកជាបងធំ បានដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ «Iron Wolf 2017» ឬ ចចកដែកឆ្នាំ២០១៧ នៅក្នុងប្រទេសលីទុយអានី នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប កំពុងព្រួយបារម្ភខ្លាចក្រែងរុស្ស៊ី ចូលឈ្លានពានបណ្ដាប្រទេសក្នុងឈូងសមុទ្របាល់ទិច។
សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានការចូលរួមពីកងទ័ពចំនួន ៥,៣០០នាក់ មកពី១០ប្រទេសជាសមាជិកអង្គការណាតូដូចជា អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប៊ែលហ្សិក ជាដើមបានចាប់ផ្ដើមធ្វើឡើងនៅតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសលីទុយអានី តាំងតែពីថ្ងៃទី១២ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ដោយផ្តោតសំខាន់លើប្រតិបត្តិការការពារ និងវាយលុកលើសត្រូវ។
ទន្ទឹមគ្នានោះដែរ ឆ្លើយតបទៅនឹងក្ដីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងម៉ូស្គូបានអះអាងថា ខ្លួនគ្មានបំណងចង់ឈ្លានពានប្រទេស ក្នុងឈូងសមុទ្របាល់ទិចដូចជា លីតតូនី អេស្ដូនី ឬក៏ លីទុយអានី នោះទេ ហើយក៏មិនបានធ្វើសកម្មភាពអ្វី គម្រាមកំហែងដល់សន្តិសុខប្រទេសជិតខាងទំាងនេះដែរ តែផ្ទុយទៅវិញគឺអង្គការណាតូទៅវិញទេ ដែលតែងតែបង្កឱ្យស្ថានភាពបច្ចុប្បន្ន កាន់តែតានតឹងឡើង តាមរយៈការធ្វើសមយុទ្ធយោធានៅជិតរបងផ្ទះរុស្ស៊ី។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអង្គការណាតូ និងរុស្ស៊ីចាប់ផ្ដើមធ្លាក់ចុះដុនដាបខ្លាំង បន្ទាប់ពីទីក្រុងម៉ូស្គូ បានក្រសោបគ្រប់គ្រងតំបន់គ្រីមៀពីអ៊ុយក្រែន ដែលសកម្មភាពនេះឯងធ្វើឱ្យអឺរ៉ុប និងសហរដ្ឋអាមេរិក យល់ថា រុស្ស៊ីកំពុងមានចេតនាពង្រីកទ្ធិពល និងឈ្លានពានប្រទេសជិតខាង។ ដូច្នេះហើយទើបអង្គការណាតូ តែងតែដឹកនាំការធ្វើសមយុទ្ធយោធាស្ទើរជារៀងរាល់ឆ្នាំ ដើម្បីកំញើញរុស្ស៊ី និងពង្រឹងសមត្ថភាពយោធា របស់បណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់រុស្ស៊ី៕