(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Uber (បច្ចេកវិទ្យា និងដឹកជញ្ជូន) លោក Travis Kalanick បានសុំលាលែងពីមុខតំណែងរបស់ខ្លួនហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) បន្ទាប់ពីបានចំណាយពេលរួមរស់ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយនេះ របស់សហរដ្ឋអាមេរិក ដែលលោកផ្ទាល់បានចូលរួមបង្កើត ចាប់តាំងឆ្នាំ២០០៩មក។ នេះបើតាមប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពដដែលថ្លែងនៅក្នុងលក្ខខណ្ឌ មិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថា លោក Travis Kalanick មានអាយុ៤០ឆ្នាំ បានសម្រេចចិត្តលាលែងពីតំណែង ដោយសារតែទទួលរងសម្ពាធពីម្ចាស់ភាគធំៗទាំង០៥ របស់ក្រុមហ៊ុន Uber ដែលបានទាមទារឱ្យលោក លាលែងចេញពីតំណែងភ្លាមៗ នៅក្នុងលិខិតមួយផ្ញើជូននាយកប្រតិបត្តិរូបនេះ នៅអំឡុងពេលស្ថិតនៅក្នុងទីក្រុង Chicago នៃរដ្ឋអ៊ីលីណយស៍។
គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងពីតំណែងរបស់ លោក Travis Kalanick ធ្វើឡើងក្រោយមានការត្រួតពិនិត្យ លើការអនុវត្តន៍ជាច្រើននៅក្នុងក្រុមហ៊ុន រួមទាំងរឿងអាស្រូវពាក់ ព័ន្ធនឹងពាក្យបណ្ដឹងរំលោភបំពានផ្លូវភេទជាដើម។ ទោះបីជាយ៉ាងណាក៏ដោយខាងក្រុមហ៊ុន Uber មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយ ដោយសំអាងថា មិនទាន់ដល់ម៉ោងចូលធ្វើការ ហើយម្យ៉ាងវិញទៀត បើតាមប្រភពខាងលើថ្លែងប្រាប់កាសែត New York Times ថា លោក Travis Kalanick នឹងនៅតែមានតួនាទី នៅក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Uber ដដែល៕