(រីយ៉ាត)៖ អនុឡោមតាមព្រះរាជក្រិត្យ អារ៉ាប៊ីសាអូឌីត បានសម្រចចិត្តតែងតាំងព្រះអង្គម្ចាស់ Mohammed bin Salman ជាព្រះរាជទាយាទថ្មីជំនួសព្រះអង្គម្ចាស់ Mohammed bin Nayef បន្ទាប់ពីសមាជិកក្រុមប្រឹក្សារាជបល្ល័ងស្ទើរតែទាំងអស់ នៃអាណាចក្រសេដ្ឋីប្រេងលើពិភពលោកមួយនេះ បង្ហាញការគាំទ្រលើទ្រង់លើរាជទាយាទថ្មីអង្គនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមព្រះរាជក្រឹត្យខាងលើដដែល ព្រះមហាក្សត្រ Salman ក៏បានសម្រេចព្រះទ័យតែងតាំងព្រះអង្គម្ចាស់ Abdulaziz bin Saud bin Nayef ជារដ្ឋមន្ត្រីមហាផ្ទៃ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការជំនួសតំណែងរាជទាយាទនេះ ឲ្យបានច្បាស់លាស់បន្ថែមនៅឡើយនៅឡើយទេ។ យោងតាម ព្រះរាជក្រឹត្យខាងលើដដែល ព្រះមហាក្សត្រ Salman ក៏បានសម្រេចព្រះទ័យបណ្ដេញ (ក្មួយបង្កើត) គឺទ្រង់ Mohammed bin Nayef ពីតំណែងជារដ្ឋមន្ត្រីមហាផ្ទៃ រីឯព្រះអង្គម្ចាស់ Abdulaziz bin Saud bin Nayef ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងនេះវិញ។
ប៉ុន្តែភ្លាមៗពុំទាន់មានការបញ្ជាក់ពីមូលហេតុ នៃការជំនួសតំណែងទាំងនេះនៅឡើយទេ ដោយគ្រាន់តែគេដឹងថា សមាជិក ៣១រូប ក្នុងចំណោម ៣៤រូប នៃសមាជិកក្រុមប្រឹក្សារាជបល្ល័ងបានជ្រើសរើសទ្រង់ Mohammed bin Salman ដែលជាបុត្រារបស់ព្រះមហាក្សត្រ Salman ជារាជទាយាទថ្មី។ បន្ថែមពីលើនេះ ទ្រង់ Mohammed bin Salman មានព្រះជន្ម ៣១ព្រះវស្សា ក៏ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីផងដែរ និងនៅ តែរក្សាតំណែងជារដ្ឋមន្ត្រីការពារជាតិដដែល។
គួរបញ្ជាក់ថា ការផ្លាស់ប្ដូរតំណែងរាជទាយាទនេះ ធ្វើឡើងនៅចំពេលបណ្ដាប្រទេសអារ៉ាប់ កំពុងមានការបាក់បែកផ្ទៃក្នុង ក្រោយអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន ប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទថា ទីក្រុងដូហាបានផ្ដល់លុយកាក់ឱ្យពួកភេរវករ។ ដោយឡែកបើតាមសារព័ត៌មាន Al Arabiya ព្រះមហាក្សត្រ Salman នឹងអំពាវនាវឱ្យប្រជាជនអារ៉ាប៊ីសាអូឌីត បង្ហាញភក្ដីភាពចំពោះរាជទាយាទថ្មី នៅថ្ងៃពុធនេះតែម្តង៕